ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស ១៩នាក់ស្លាប់ និង ២២នាក់រងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងមួយក្រុម បើកការវាយប្រហារនៅសាកលវិទ្យាល័យកាប៊ុល នៃប្រទេសអាហ្វហ្គនីស្ថាន

117

លោក Hamid al-Ubaidi អ្នកនាំពាក្យក្រសួងអប់រំថ្នាក់ឧត្តមសិក្សាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការវាយប្រហារនៅថ្ងៃចន្ទនេះ បានចាប់ផ្តើមនៅពេលដែលមន្រ្តីរដ្ឋាភិបាល បានមកដល់ដើម្បីចូលរួមកម្មវិធីពិព័រណ៍សៀវភៅរបស់អ៊ីរ៉ង់ ដែលធ្វើឡើងនៅបរិវេណសកលវិទ្យាល័យ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មនុស្សរាប់រយនាក់ត្រូវបានជន្លៀសចេញពីកន្លែងកើតហេតុ ដោយឡើងលើជញ្ជាំងបរិវេណសាលា នៅពេលដែលការវាយប្រហារបានកើតឡើង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Tariq Arian បានគូសបញ្ជាក់ប្រាប់ AFP ថា«ការវាយប្រហារបានបញ្ចប់ ប៉ុន្តែគួរឲ្យសោកស្តាយ មានមនុស្សចំនួន ១៩នាក់ត្រូវបានបាញ់សម្លាប់ និង ២២នាក់រងរបួស»។

បើតាមប្រភពដដែលបានឲ្យដឹងទៀតថា ខ្មាន់កាំភ្លើងមានគ្នាចំនួនបីនាក់។ ម្នាក់ក្នុងចំណោមពួកគេ បានបំផ្ទុះគ្រាប់បែកដែលនៅជាប់នឹងខ្លួន ចំណែកឯ ពីរនាក់ទៀតត្រូវបានកងកម្លាំងសន្តិសុខ បាញ់សម្លាប់នៅនឹងកន្លែង។

ជុំបញ្ហានេះ ក្រុមតាលីបង់បានចេញមុខមកបដិសេដថា ពួកគេមិនបានចូលរួមក្នុងការវាយប្រហារ ដែលបានកើតឡើងនៅសាកលវិទ្យាល័យធំបំផុតរបស់អាហ្វហ្គានីស្ថាននោះទេ។ ទោះជាយ៉ាងណា ការវាយប្រហារមុនៗ គឺសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងពួកគេ។ កាលពីឆ្នាំ ២០១៩ គ្រាប់បែកមួយបានដាក់នៅខាងក្រៅក្លោងទ្វារសាកលវិទ្យាល័យកាប៊ុល បានសម្លាប់មនុស្ស ៨នាក់។ ក្នុងឆ្នាំ ២០១៦ មនុស្សចំនួន ១៣នាក់ក៏ត្រូវបាន សម្លាប់នៅពេលខ្មាន់កាំភ្លើង បានវាយប្រហារនៅសាកលវិទ្យាល័យអាមេរិកនៅកាប៊ុលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង