កាយសម្ព័ន្ធ នឹងបើកវគ្គគ្រូបច្ចេកទេស កម្រិត១ នៅកំពង់ឆ្នាំង
ភ្នំពេញ៖សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានឹងបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសកម្រិត១(Level 1 ClassP-1 and P-2)ដែលនឹងមានសិក្ខាកាមចូលរួមចំនួន២២រូបដែលក្នុងនោះមាន៦រូបជានារី ។
បើតាមការគ្រោងទុកវគ្គនេះនឹងចាប់ផ្ដើមពីថ្ងៃទី៧ដល់ថ្ងៃទី១៣វិច្ឆិកាដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។
លោកណយ ផាណាដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថាវគ្គនេះឧទ្ទេសនាមដោយរូបលោកផ្ទាល់ និង លោកសោ សុផេង ។
លោកបន្តថាមូលហេតុដែលសហព័ន្ធសម្រេចជ្រើសរើយយកខេត្តកំពង់ឆ្នាំងដើម្បីបើកវគ្គបែបនេះដោយសារតែខេត្តមួយនេះមានទីតាំងអំណោយផលល្អ ព្រមទាំងមានឧបករណ៍សម្រាប់ការអនុវត្តន៍ ។ គ្រប់វគ្គសិក្សាទាំងអស់ការសិក្សាទ្រឹស្ដីត្រូវតឬផ្សារភ្ជាប់ជាមួយនឹងការអនុវត្តន៍ ។
សូមបញ្ជាក់ថានេះជាវគ្គទី២ហើយដែលបានបើកនូវខេត្តកំពង់ឆ្នាំង ។ តាមពិតសហព័ន្ធមានបំណងបើកវគ្គឲ្យបានគ្រប់ខេត្តទាំងអស់ដែលមានក្លិបកីឡាកាយសម្ព័ន្ធតែដោយខេត្តភាគច្រើននៅតាមបណ្ដាស្រុកហើយប្រសិនបើទៅបើកវគ្គនៅទីនោះសិក្ខាកាមនឹងមិនមានកន្លែងសម្រាកក្នុងអម្លុងដែលវគ្គកំពុងតែដំណើរការនោះ ។
លោកណយ ផាណាបានអះអាងថាពេលនេះ ជាតំណាក់កាលដែលត្រូវពង្រឹងក្លិបហេតុនេះសហព័ន្ធត្រូវតែបណ្ដុះបណ្ដាលដល់គ្រូបច្ចេកទេសទាំងកម្រិត១ និងកម្រិត២ឲ្យបានទូទាំងប្រទេស ។សូមបញ្ជាក់ថាកីឡាកាយសម្ព័ន្ធមាន២ប្រភេទគឺកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic) និង កីឡាកាយសម្ព័ន្ធអាកទីស្ទីក(Artistic) ។
លោកអគ្គលេខាធិការសហព័ន្ធរូបនេះបានអរគុណដល់ក្រសួងអប់រំយុវជន និង កីឡាដែលតែងតែគាំទ្រថវិកាដល់សហព័ន្ធរបស់ដើម្បីដំណើរការវគ្គនានារៀងរាល់ឆ្នាំ ៕