អាជ្ញាធររាជធានីបន្តប្រើប្រាស់កម្លាំង ចម្រុះចុះធ្វើសកម្មភាពលាងសំអាតភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងបុរីវីអាយភី
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នាព្រឹកថ្ងៃទី០៣ខែវិច្ឆិកានេះ បានដឹកនាំអាជ្ញាធរនិងកម្លាំងចម្រុះចុះធ្វើសកម្មភាពលាងសំអាតភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ ក្រោយពីទឹកជំនន់បានស្រកអស់ពីលំនៅដ្ឋានពួកគាត់។
លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា តាមអនុសាសន៍ណែនាំរបស់សម្ដេច តេជោហ៊ុន សែន គឺបានអោយអាជ្ញាធររាជធានី ខេត្តដែលទទួលរងការលិចលង់ដោយទឹកជំនន់ ប្រើប្រាស់កម្លាំងចម្រុះទាំងអស់ ធ្វើយ៉ាងណារំដោះប្រជាពលរដ្ឋចេញពីតំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាពជាជាបន្ទាន់ជាមួយនិងការឧបត្ថមជាស្បៀងអាហារគ្រឿងឧបភោគបរិភោគ ផ្តល់កិច្ចការពារសន្តិសុខ សុវត្ថិភាពនិងទ្រព្យសម្បត្តិជូនពួកគាត់ ហើយនៅពេលទឹកស្រកទៅវិញ កម្លាំងអាជ្ញាធរនិងកម្លាំងចម្រុះត្រូវចុះជួយប្រជាពលរដ្ឋទាំងការលាងសម្អាតលំនៅដ្ឋានរបស់ពួកគាត់ បាញ់ថ្នាំសម្លាប់មេរោគដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ជាក់ស្តែងការងារនេះយើងបានធ្វើជាប្រចាំនៅក្នុងតំបន់ដែលទទួលរងការលិចលង់ នៅពេលទឹកបានស្រកទៅវិញអស់ដូចជានៅបុរីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនិងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះជាដើម។
លោកឃួង ស្រេងក៏បានបញ្ជាក់ទៀតថា បូរីវីអាយភី ស្ថិតនៅក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោនេះ ខណៈដែលជំនន់ទឹកព្រែកត្នោតជន់លិចនោះ គឺបានធ្វើឲ្យបុរីទាំងមូល ទទួលការលិចលង់ជ្រៅជាងគេតែស្ថានភាពទឹកហូរ ក្រោយពេលទឹកស្រកទៅវិញ ក្នុងបុរីទាំងមូល មិនកខ្វក់ប៉ុន្មានទេ ហើយខណៈដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំង ចម្រុះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ រថយន្តបូមលូបាញ់លាងសម្អាត គឺបានវិលទៅរកភាពល្អប្រសើរដូចដើមវិញ ពោលគឺមិនមានភក់និងសំរាមច្រើននោះទេ ហើយមេរោគក៏មិនមានច្រើនដែរ។
ក្រោយពីចុះពិនិត្យនៃសកម្មភាពលាងសំអាត នៅក្នុងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោនេះហើយ លោកឃួងស្រេង ក៏បានបន្តដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធចុះទៅពិនិត្យមើលស្ថានភាពការចាក់ដីបំពេញទំនប់សន្តស្ទឹងព្រែកត្នោតដែលត្រូវទឹកហូរដាច់បន្តទៀតផងដែរ ៕