នាព្រឹកនេះ កម្ទេចចោលនូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅសរុបរួមចំនួន ៥៤០.៧តោន
ភ្នំពេញ៖គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កម្ទេចចោលនូវឱសថខុសច្បាប់ចំនួន ៧.៧តោន និងផលិតផលក្លែងក្លាយទូទៅចំនួន ៥៣៣តោន សរុបរួមចំនួន ៥៤០.៧តោន ដែលផលិតផលទាំងអស់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្វើការបង្ក្រាប និងរឹបអូសបាននាពេលកន្លងមក។
សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) សូមជម្រាបជូនដល់សាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិទាំងអស់មេត្តាជ្រាបថាៈ គ.ប.ផ.ក នឹងរៀបចំពិធីកម្ទេចឱសថខុសច្បាប់ចំនួន ៧.៧តោន និងផលិតផលក្លែងក្លែងក្លាយទូទៅចំនួន ៥៣៣តោន សរុបរួមចំនួន ៥៤០.៧តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសបាននាពេលកន្លងមក ដែលនឹងប្រារព្ធពិធីកម្ទេចនៅ ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទីព្រឹក នៅបរិវេណទីលានចាក់សំរាមដង្កោ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ផ្លូវចូលជាប់នឹងសាលាសង្កាត់ជើងឯក) ។ ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូតនានា អាជ្ញាធរដែនដី មន្ត្រីរាជការ និងវិស័យឯកជនជាច្រើនរូប ហើយការកម្ទេចចោល ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការឲ្យធ្វើការកម្ទេចចោល ៕