ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ​៖ “​ខ្ញុំ​អាច​នឹង​ស្នើ​ទៅ​ព្រះករុណា ព្រះមហាក្សត្រ ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​បាន​”

51

 

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រាត្រី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​សង្កត់ធ្ងន់ថា សម្តេច​អាច​នឹង​ស្នើ​ទៅ​ព្រះករុណា ព្រះមហាក្សត្រ ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​បាន ព្រោះថា​ច្បាប់​មាន​រួចហើយ ប៉ុន្តែ​កម្ពុជា​នៅពេលនេះ ពុំទាន់​ដល់​ដំណាក់កាល​ហ្នឹង​នៅឡើយ​ទេ​។​

​ថ្លែង​ក្នុង​នៅ​សារ​សំឡេង ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ទទួលបាន​នៅ​យប់​ថ្ងៃនេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា​៖ “​ខ្ញុំ​កំពុងតែ​គិតថា តើ​ត្រូវ​ប្រកាស​បិទ​រាជធានី​ភ្នំពេញ ឬ​ផ្នែក​ណាមួយ​នៅក្នុង​ប្រទេស​ឬទេ​? ព្រោះថា​ច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន មាននៅ​ក្នុង​ដៃ​រួចហើយ ដូច្នេះ ខ្ញុំ​អាច​នឹង​ស្នើ​ទៅ​ព្រះករុណា ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយព្រះហស្ថលេខា ដើម្បី​ដាក់​ប្រទេសជាតិ ក្នុង​ផ្នែក​ណាមួយ ឬ​រាជធានី​ភ្នំពេញ ឬ​អាច​ប្រទេស​ទាំងមូល ក្នុង​គ្រា​មាន​អាសន្ន​បាន ក៏ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទៅដល់​នោះទេ ព្រោះ​នឹង​ប៉ះពាល់​ទៅដល់​សិទ្ធ​សេរីភាព​មនុស្ស​ច្រើន​គ្នា ខណៈ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល មាន​ត្រឹម​ជាង ៩០០​នាក់​ប៉ុណ្ណោះ​”​។​

​ប៉ុន្តែ​សម្តេច​តេ​ជោ បាន​អះអាង​រួចហើយ​ថា ការគិត​របស់​សម្តេច​នេះ គឺ​ក្រោយពេល​នៃ​ការអំពាវនាវ​ដ៏​ទទូច របស់​សម្តេច​ពាក់ព័ន្ធ​នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ និង​ម៉ត់ចត់​ជាទីបំផុត របស់​អ្នក​ដែល​បាន​ចូលរួម​ដោយផ្ទាល់ និង​ប្រយោល នៃ​ព្រឹត្តិការណ៍ ថ្ងៃ​០៣ វិច្ឆិកា ប៉ុណ្ណោះ​។​

​គួររម្លឹកថា ច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដែលមាន ១២​មាត្រា ត្រូវបាន​ចុះហត្ថលេខា​ដោយ សម្តេច​ប្រមុខរដ្ឋស្តីទី និង​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ​៕​


អត្ថបទដែលជាប់ទាក់ទង