ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ ជាង១ម៉ឺនគ្រួសារ ទទួលអំណោយ ពូជស្រូវ ពីសម្ដេចតេជោហ៊ុន សែន

72

បន្ទាយមានជ័យ៖ ពលរដ្ឋ​ជាង ១ម៉ឺនគ្រួសារនៅក្នុងខេត្ត បន្ទាយមានជ័យ ដែលទទួល រងដោយសារ​ជំនន់ទឹកភ្លៀង កាលពីខែតុលាកន្លងមកនេះបាន ទទួលពូជស្រូវនិងអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយស្តារការបង្កបង្កើនផលដំណាំស្រូវ និងបន្លែបង្ការឡើងវិញនិងសម្រួលដល់​ជីវភាពរស់នៅ ដែលកំពុងជួបការលំបាកដោយ សារតែការបំផ្លាញពីគ្រោះមហន្តរាយធម្មជាតិនេះ។ ពិធីប្រគល់ជូនស្រូវពូជ នេះ បាន ប្រព្រឹត្ដទៅកាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២០ ។
​ អំណោយដ៏ថ្លៃថ្លានេះត្រូវបាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងក្រុម ការ ងារបានអញ្ជើញសួរសុខទុក្ខ ដោយចែកពូជស្រូវ និងអំណោយជូន​ពលរដ្ឋរងគ្រោះដោយ ជំនន់ទឹកភ្លៀងក្នុងខេត្ត​បន្ទាយមានជ័យ ចំនួន ១​១.០០០គ្រួសារនេះ ដែលបានរៀបចំនៅក្នុង បរិវេណផ្សារធំថ្មីបូរីជ័យII ​ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ព្រឹកថ្ងៃ១០រោច ខែកត្តិកឆ្នាំជូត ទោស័ក ​ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ បានមានប្រសាសន៍ថា​៖ សម្តេចតេជោទោះនាពេលនេះមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ ក៏សម្តេច​តែងតែគិតគូរ​ជា និច្ចដល់សុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនោះចំពោះប្រជាពលរដ្ឋរង គ្រោះ ងាយរងគ្រោះដែលជួបការលំបាកដោយប្រការផ្សេងៗ នៅគ្រប់ទីកន្លែងទាំងអស់។
តំណាងឲ្យសម្ដេចតេជោនាយករដ្ឋមន្រ្តីឯក លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទដែលបានខិតខំជួយសង្គ្រោះប្រជា ពលរដ្ឋពីគ្រោះទឹកជំនន់ និងជួយសម្រួលការចាប់ផ្ដើមជីវភាពឡើងវិញ ពិសេសការបង្កបង្កើន ផល។
​​ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិ បាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្របានប្រកាន់ ខ្ជាប់នូវ​ប្រពៃណីផ្សាភ្ជាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានបែងចែកការទទួលខុស ត្រូវឱ្យ​មន្រ្តីចុះតាមគ្រប់មូលដ្ឋាន ដើម្បីតាមដានបញ្ហាប្រឈម សំណូមពរនានា និងដោះ ស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា រួមសុខរួម​ទុក្ខជាមួយគ្នា និងមិនមានទម្លាប់រត់ចោលគ្នានោះទេ។
ជាមួយនោះដែរ លោក ក៏បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា សុខភាព អនុវត្តន៍វិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំដើម្បី​ទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ និងជំងឺរាតត្បាតផ្សេងៗទៀត។ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំកូនចៅចៀសឱ្យផុតពីគ្រឿងញៀន។ ត្រូវចូលរួមគោរព​ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍នោះ។ ឯកឧត្តមក៏​​បាន លើកទឹកចិត្ត ជំរុញឱ្យកសិករយើងត្រូវជម្នះគ្រប់ឧបសគ្គ តស៊ូព្យាយាមដើម្បីស្តារផលិតកម្ម​ដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រី ឡើងវិញបន្ទាប់ពីទឹកស្រកចុះ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលអំណោយនាឱកាសនេះ ​មាន មកពីស្រុកមង្គលបូរី, ព្រះនេត្រព្រះ, និងក្រុងសិរីសោភណ័ណ ដោយក្នុងមួយគ្រួសារ ៗទទួល បានស្រូវពូជ ១០០គីឡូក្រាម, អង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ ១យួរ, ទឹកត្រី១យួរ, មីមួយកេស, ទឹកបរិសុទ្ធ១កេស, ភួយ១, មុង១, កន្ទេល១, និងថវិកា៥ម៉ឺនរៀល៕.សំរិត

អត្ថបទដែលជាប់ទាក់ទង