ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជាវ តាយ ទទួលអំណោយសប្បុរសធម៌ពីប្រតិភូអង្គការសមាគមដើម្បីជួយប្រជាពលរដ្ឋរងគ្រោះនៅក្នុងខេត្តកំពត

44

កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរនិងអង្គភាពចំណុះសាលាខេត្ត បានជួប និងទទួលអំណោយសប្បុរសធម៌ពីប្រតិភូនៃអង្គការសមាគម មួយចំនួនសម្រាប់យកទៅជួយដល់ប្រជាពលរដ្ឋរងគ្រោះនៅក្នុងខេត្តកំពត។
លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានប្រតិភូនៃសប្បុរសជនដែលជាម្ចាស់អំណោយនាឱកាសនោះ បានបញ្ជាក់ឲ្យដឹងថា អំណោយ ដែលបាននាំយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តកំពតនាពេលនេះ គឺមានអង្ករ ២៦០០គីឡូ និងមីចំនួន៥១កេស ដែលអំណោយទាំងនេះបានមកពី ការរួមវិភាគទានរបស់ ថ្នាក់ដឹកនាំ និងអង្គការសមាគមចំនួន១១ បច្ចុប្បន្នបាននិងកំពុងបម្រើសកម្មភាពមនុស្សធម៌នៅកម្ពុជានិងពិសេសក្នុងខេត្តកំពត។
លោក​ ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងអំណរគុណចំពោះអង្គការសមាគម និងសប្បុរសជនទាំងអស់ ដោយបានចាត់ទុកអំណោយ ទាំងអស់នេះ គឺជាកាយវិការវប្បធម៌ចែករំលែកដ៏ប្រពៃ ក្នុងការរួមវិភាគទាន ចូលរួមចំណែកជួយសម្រួលការលំបាក ដើម្បីដោះស្រាយជាមួយរដ្ឋបាលខេត្តកំពត ក៏ដូចជារាជរដ្ឋាភិបាល ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះដោយគ្រោះធម្មជាតិឬឧប្បត្តិហេតុផ្សេងៗ។
លោក ជាវ តាយ អភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា ជានិច្ចកាល រដ្ឋបាលខេត្ត ព្រមទាំងសាខាកាកបាទក្រហមខេត្តកំពតរមែង តែងតែបានយកចិត្តទុកដាក់ខ្ពស់ តាមប្រសាសន៍ណែនាំ ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិក្ដី ឬឧបទ្ទវហេតុផ្សេងៗក្ដី ដោយមិនប្រកាន់និន្នាការរើសអើងអ្វីឡើយ។ហើយជាសំខាន់នោះគឺការដោះស្រាយឲ្យបានទាន់ពេលវេលាឆាប់រហ័ស មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រងការលំបាកខ្វះខាត និងស្លាប់ដោយអត់ស្បៀងអាហារ និងដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចដឹងឮនិងការដោះស្រាយបានឡើយ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងខិតខំយកចិត្តទុកដាក់ ដើម្បីយកទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តដែលជាអាជ្ញាធរសាធារណៈ សម្រាប់យកទៅ ចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះពិតប្រាកដ ឱ្យបានចំគោលដៅនិងមាន ប្រសិទ្ធ ភាពក្នុងខេត្តបន្តទៀត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង