ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបោកប្រាស់អ្នកភូមិជាច្រើននាក់រាប់សិបម៉ឺនដុល្លារ ក្នុងការធានានាំចូលបម្រើការងារក្នុងក្របខ័ណ្ឌយោធា
ខេត្តក្រចេះ ៖ កម្លាំងអាវុធហត្ថស្រុកសំបូរ នៅថ្ងៃទី១១ ខែវិច្ឆិកាបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបោកប្រាស់អ្នកភូមិជាច្រើននាក់រាប់សិបម៉ឺនដុល្លារ ក្នុងការធានានាំចូលបម្រើការងារក្នុងក្របខ័ណ្ឌយោធានៃបញ្ជារដ្ឋានទ័ពជើងគោក។ បន្ទាប់ពីឃាត់ខ្លួន អាវុធហត្ថស្រុកសំបូរ បានបញ្ជូនជនសង្ស័យរូបនោះ ទៅទីបញ្ជារដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះដើម្បីសួរយកចម្លើយ ខណៈរងគ្រោះជាច្រើនមកដាក់ពាក្យបណ្តឹង។
កម្លាំងអាវុធហត្ថស្រុកសំបូរ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ាង កុសល្យ មានទីលំនៅឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថស្រុកសំបូរ ចាប់ខ្លួនកាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ខណៈជនសង្ស័យរូបនេះលបចូលផ្ទះវិញ បន្ទាប់ពីបានគេចខ្លួនបាត់ពីផ្ទះអស់ជាច្រើនខែ ហើយសមត្ថកិច្ចបានដកហូតរថយន្តម៉ាកឡង់គ្រីស័រស៊េរីទំនើប ពណ៌ស ផ្លាកលេខភ្នំពេញ 2BK 6899 ។
ជនសង្ស័យបានបោកប្រាស់គេយកលុយក្នុងម្នាក់ៗចាប់ពី៤ពាន់ដុល្លារឡើងទៅ ជាថ្នូរនិងការរត់ការឲ្យជាប់ពេញសិទ្ធិក្នុងក្របខ័ណ្ឌយោធា ហើយយកលុយពលរដ្ឋទៅទិញរថយន្តស៊េរីជិះដើរលេងស៊ីចាយហឺហារ ប៉ុន្តែចុងក្រោយត្រូវជាប់ខ្នោះ៕