ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុំ​ជឿ​ពាក្យ​ចរចា​ម​អារាម​អី​! មិនមាន​សេចក្តីប្រកាស​ណាមួយ​ឱ្យ​បិទ​រាជធានី​ភ្នំពេញ និង​ហាម​ធ្វើដំណើរ​ឆ្លងខេត្ត​នោះឡើយ​

70

 

​ភ្នំពេញ​៖ លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ច្រានចោល​ព័ត៌មាន​ច​ចាម​អារាម​ស្តីពី ការបិទ​រាជធានី​ភ្នំពេញ​និង ហាម​ធ្វើដំណើរ​។​

នៅ​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក ផៃ ស៊ី​ផាន បាន​គូសបញ្ជាក់​បែបនេះ «​មិនមាន​សេចក្តីប្រកាស​ណាមួយ​ពី សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​បិទ​រាជធានី​ភ្នំពេញ ឬ​ការធ្វើដំណើរ​ឆ្លងខេត្ត​នោះឡើយ​។ ខ្ញុំ​សូម​ច្រានចោល​នូវ​ព័ត៌មាន​នេះ​ទាំងស្រុង​»​។​

​លោក ផៃ ស៊ី​ផាន បានចាត់ទុក​ការ​ប្រឌិត​ព័ត៌មាន​នេះ​ឡើង ក្នុង​ចេតនា​ទុច្ចរិត ឬ​បង្កើត​វិធ​ង្ស​នា​អ្វីមួយ​។ លោក ក៏បាន​ស្នើឱ្យ​សមត្ថកិច្ច​តាម​ស្វែងរក​ជន​ទម្លាយ​សំឡេង​នេះ ហើយ​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។​
​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​រូបនេះ ក៏បាន​ទទូច​ស្នើសុំ​មហាជន​កុំឱ្យ​មានការ​ជ្រួលច្របល់ និង​ជឿ​លើ​ការ​ប្រឌិត​ព័ត៌មាន​នេះ​។​

​សូមបញ្ជាក់ថា ៖​ការ​ចេញមក​ប្រតិកម្ម និង​ច្រានចោល​ព័ត៌មាន​ប្រឌិត​ទាំងយប់​នេះ បន្ទាប់ពី​មានការ​ចែកចាយ​សំឡេង​បុរស​ម្នាក់​នៅតាម​បណ្តាញ​សង្គម ដោយបាន​លើកឡើងថា នឹងមាន​ការបិទ​រាជ​ធានី​ភ្នំពេញ ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការរីក​សាយភាយ​ជំងឺ​កូ​វីដ​១៩​។​
​ក្រៅតែពី​ការផ្សព្វផ្សាយ​ប្រឌិត​ព័ត៌មាន​បិទ​រាជធានី​ហើយ​នោះ មាន​ជន​ខ្លះ​ក៏បាន​ចែករំលែក​សំឡេង​ណែនាំ​របស់​សម្តេច​តេ​ជោ កាលពីពេល​បុណ្យចូលឆ្នាំថ្មី ស្តីពី​ការហាម​មិនឱ្យ​ធ្វើដំណើរ​ឆ្លងខេត្ត​ផងដែរ​។ ការ​ចែកចាយ​សំឡេង​នេះ នាំឱ្យមាន​ការយល់ច្រឡំ​ជាច្រើន​។​
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា តាមរយៈ​សំឡេង​ផ្ញើជូន​ជនរួមជាតិ​កាលពីពេល​ថ្មីៗ​នេះ សម្តេច​មិនទាន់មាន​សេចក្តីសម្រេចចិត្ត​ណាមួយ​ក្នុង​ការបិទ​រាជធានី​ភ្នំពេញ​នោះឡើយ​។ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​ស្លន់ស្លោ​ជ្រុល​លើ​បញ្ហា​នេះ និង​បាន​អរគុណ​ដល់​អ្នកលក់ដូ​រ​ផងដែរ ដែល​មិន​ឆ្លៀតឱកាស​នេះ​ធ្វើឱ្យមាន​ការឡើង​ថ្លៃទំនិញ​លើ​ទីផ្សារ​៕​

អត្ថបទដែលជាប់ទាក់ទង