ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​​អ្នកនាំពាក្យ​របស់​ស្ថានទូត​កម្ពុជា ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក ទាត់ចោល​ទាំងស្រុង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ចោទ ប្រកាន់​គ្មាន​មូលដ្ឋាន ដែល​ប៉ះពាល់​ដល់​កិត្យានុភាព និង​កិត្តិយស​របស់​ស្ថានទូត​

28

 

​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​មិន​រវីរវល់​អើពើ​ចំពោះ​វត្តមាន​របស់​បុគ្គល​មួយ​ក្តាប់​តូច​ក្រោម​ផ្លាក របស់​អង្គការ​ចាត់តាំង​នយោបាយ​ក្រៅច្បាប់​មួយ ក្រោយពី​ត្រូវបាន​តុលាការ​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​រំលាយចោល ហើយ​អ្នកនាំពាក្យ​របស់​ស្ថានទូត សូម​ធ្វើការ​ទាត់ចោល​ទាំងស្រុង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ចោទ ប្រកាន់​គ្មាន​មូលដ្ឋាន​មួយចំនួន​ដែល ប៉ះពាល់​ដល់​កិត្យានុភាព និង​កិត្តិយស​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​។​

​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១២​វិច្ឆិកា​នេះ ដើម្បី​បំភ្លឺ​ដល់​ការផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​ដែល ប៉ះពាល់​ដល់​កិត្យានុភាព និង​កិត្តិយស​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​៖

​ជាការ​ឆ្លើយតប​ទៅនឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​ដែល​ប៉ះពាល់​ដល់​កិត្យានុភាព និង​កិត្តិយស របស់​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក អ្នកនាំពាក្យ​របស់​ស្ថានទូត សូម​ធ្វើការ​បំភ្លឺ ដូចខាងក្រោម​នេះ ៖

​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ការណែនាំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថានទូត​បាន​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​ដល់​ការ លើក​កំពស់​ទំនាក់ទំនង​រប​ស់​ស្ថានទូត​ជាមួយ​សហគមន៍​ខ្មែរ​នៅក្នុង​ប្រទេស​ដែល​ស្ថានទូត តាំងនៅ​។ ក្នុង​ស្មារតី​នេះ ស្ថានទូត​បាន និង​កំពុង​ខិតខំ​បំពេញ​ដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ផ្តល់នូវ​សេវា​ផ្សេងៗ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ស្របទៅតាម សំណូមពរ និង​តម្រូវការ​របស់​បងប្អូន​ទាំងអស់ ហើយ​និង​លទ្ធភាព​ជាក់ស្តែង​របស់​ស្ថានទូត​។​

​សារ ដ៏​សំខាន់​មួយ​ដែលជា​និច្ច​ជា​កាល​ស្ថានទូត​បាន​ផ្ញើជូន​សហគមន៍​ខ្មែរ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​គឺ “​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវបាន​ស្វាគមន៍​ក្នុង​ទំនាក់ទំនង​ជាមួយ​ស្ថានទូត ទាំង​ការ អញ្ជើញ​មក​ដោយផ្ទាល់ ទាំង​តាមរយៈ​ទូរស័ព្ទ ឬ​សារ​អេ​ឡិច​ត្រូ​និ​ច (Email) ។ ស្ថានទូត នឹង​ខិតខំ​គ្រប់​លទ្ធភាព​ដោះស្រាយ​សំណើ​របស់​បងប្អូន​ទាំងអស់​”​។ ស្ថានទូត​ក៏បាន​ប្រកាន់ ខ្ជាប់​ទៅតាម​គោលការណ៍​នេះ​។​

​កន្លងមក ស្ថានទូត​មានការ​រីករាយ និង​ទទួលបាន​នូវ​ការលើកទឹកចិត្ត តាមរយៈ​ការលើក សរសើរ ការវាយតំ​លៃ​ខ្ពស់​របស់​សហគមន៍​ខ្មែរ​ចំពោះ​ការខិតខំ​របស់​ស្ថានទូត​ក្នុងការ​ផ្តល់ សេវា​ផ្សេងៗ​ដល់​ពលរដ្ឋ​ខ្មែរ ជាអាទិ៍​៖ សេវា​កុងស៊ុល​ដូចជា​ការពន្យារពេល​លិខិតឆ្លងដែន ការចេញលិខិត​ធ្វើដំណើរ​បណ្តោះអាសន្ន​ការផ្តល់​ទិ​ដ្ឋ​ការចូល​ព្រះរាជាណាចក្រ​កម្ពុជា ការផ្តល់​លិខិតបញ្ជាក់​ផ្សេងៗ​។​ល​។ ហើយ​និង​ជួយ​សម្របសម្រួល​ដោះស្រាយ​នូវ​ឧបសគ្គ​និង​បញ្ហា​មួយចំនួន​របស់​ពលរ​ដ្ឋ​ខ្មែរ​យើង​ក្នុងការ​ធ្វើដំណើរ​ទៅ​កម្ពុជា ជាពិសេស​ក្នុង​សភាពការណ៍​ដ៏​លំបាក​បង្កដោយ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ដែល​ពេលខ្លះ​តម្រូវ​ឲ្យ​មានការ សម្របសម្រួល​រួមគ្នា​រវាង​ស្ថានទូត​នៅ​សហរដ្ឋអាមេរិក ហើយ​និង​ស្ថានទូត​កម្ពុជា​នៅតាម ប្រទេស​ឆ្លងកាត់​នានា ដើម្បី​ដោះស្រាយ​ធានាបាន​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​ខ្មែរ ស្របតាម​ការកំណត់រ​បស់​រាជរដ្ឋាភិបាល​។ ស្ថានទូត​មាន​មោទនភាព​ចំពោះ ការងារ​របស់ខ្លួន​ក​ន្ល​ង​មក និង​កំណើន​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ស្ថានទូត ហើយ ស្ថានទូត​នឹង​បន្ត​ជំរុញ​បន្ថែមទៀត​។​

​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅមុខ​ស្ថានទូត​នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ក្នុងនោះ ស្ថានទូត​មិន​រវីរវល់​អើពើ​ចំពោះ​វត្តមាន​របស់​បុគ្គល​មួយ​ក្តាប់​តូច​ក្រោម​ផ្លាក របស់​អង្គការ​ចាត់តាំង​នយោបាយ​ក្រៅច្បាប់​មួយ ក្រោយពី​ត្រូវបាន​តុលាការ​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​រំលាយចោល តាម​សាលដីកា​លេខ ៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​បន្ទាប់មក​ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ​នៅ​កម្ពុជា តាម​ប្រកា​សលេខ​៥៤០៥​ប្រក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពុំ​អាច​ត្រូវបាន​ប្រើប្រាស់​សំរាប់​ការចោទប្រកាន់ថា “​ស្ថានទូត​មិន​ទទួល​ជួប​ពលរដ្ឋ​ខ្មែរ​” នោះ បានឡើយ​។​

​អ្នកនាំពាក្យ​របស់​ស្ថានទូត សូម​ធ្វើការ​ទាត់ចោល​ទាំងស្រុង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ចោទ ប្រកាន់​គ្មាន​មូលដ្ឋាន​ខាងលើនេះ ស្របពេល​ជាមួយនេះ សូម​អះអាង​ពី​មោទនភាព​របស់​ស្ថានទូត​ក្នុងការ ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទូទៅ តែ​មិនមែន​ជាមួយ​បុគ្គល​ក្រៅច្បាប់​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង