ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទចំនួន ៨គីឡួក្រាម និង ១៦កំប៉ុង ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ រកឃើញ និងដកហូត

99

(ខេត្តតាកែវ)៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិ្កកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យម្ហូបអាហារ ទំនិញ អាល់កុល និងអង្កេតតម្លៃលក់ម៉ាស នៅផ្សារត្រាំកក់ និងតាមឱសថស្ថាន ម៉ាត នៅជុំវិញផ្សារ ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្អូបអាហារមួយចំនួនរួមមាន៖ ខ្ញីហាន់ សណ្តែកបណ្តុះ ស្លឹកគ្រៃ ពពុះសណ្តែក និងគ្រឿងសមុទ្រ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលផងដែរ ។

**ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទ រួមមាន៖
-ងៀតបបែលទម្ងន់ ៨គីឡូក្រាម មានផ្ទុកសារធាតុគីមីបូរ៉ាក់
-ប៊័រកំប៉ុងដែលហួសកាលបរិច្ឆេទ ចំនួន ១៦កំប៉ុង។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ម្ហូបអាហារ និងទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទ និងម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង