ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងកងរាជអាវុធហត្ថរថយន្តដឹកសត្វព្រៃខុសច្បាប់ បើកទម្លាក់ចូលទឹកស្រះ

85

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមកិច្ចសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានចុះប្រតិបត្តិការស្ទាក់ចាប់រថយន្ត ដឹកសត្វព្រៃខុសច្បាប់ នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង១០ និង ៤០នាទី។រថយន្តដឹកសត្វព្រៃខុសច្បាប់ បានគេចចេញពីការឃាត់របស់កម្លាំងកងរាជអាវុធហត្ថ បើកទម្លាក់ចូលទឹកស្រះ និងជនល្មើសព្យាយាមរត់គេចយករួចខ្លួន តែត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានយកមកផ្តន្ទាទោសទៅតាមច្បាប់ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីទទួលបានព័ត៌មានពីកម្លាំងរដ្ឋបាលព្រៃឈើ ដែលឈរជើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ស្នើសុំកិច្ចសហការពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ លើករណីដឹកជញ្ជូនសត្វព្រៃខុសច្បាប់ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការអនុវត្តន៍បន្ត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាអោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះសហប្រតិបត្តិការភ្លាមៗ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តថា ៖ បន្ទាប់ពីទទួលបានបទបញ្ជា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន ស៊ីដែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការស្ទាក់ចាប់រថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ស៊េរី ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2Z-9183 ដឹកសត្វព្រៃខុសច្បាប់ចេញពីប្រទេសថៃ មកកាន់ទឹកដីកម្ពុជា ឆ្ពោះទៅខេត្តសៀមរាប នៅចំណុចមុខវិទ្យាល័យនិមិត្ត ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ប៉ុន្តែជនសង្ស័យបានបើករថយន្តបំបុក រថយន្តស៊ែរ៉ែនរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបើកគេចរហូតមកដល់ចំណុចសាលាក្រហម ស្ថិតក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ហើយជនសង្ស័យបានសម្ងំលាក់ខ្លួន និងធ្វើការផ្លាស់ប្តូរស្លាកលេខរថយន្ត ពីស្លាកលេខចាស់ មកលេខ ភ្នំពេញ 2V-9941 រួចបន្តដំណើរឆ្ពោះទៅខេត្តសៀមរាប ពេលនោះរថយន្តស៊ែរ៉ែនរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការដេញតាមពីក្រោយ និងស្នើសុំកិច្ចសហប្រតិបត្តិការពីកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ។ រហូតដល់ម៉ោង១៤ និង ០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានធ្វើការស្ទាក់ចាប់រថយន្តជនសង្ស័យខាងលើបាននៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ពេលនោះជនសង្ស័យមិនព្រមឈប់នោះទេ គឺជនសង្ស័យបានបើករថយន្តទម្លាក់ទឹកស្រះដោយខ្លួនឯង ហើយជនសង្ស័យបានលោតចេញពីរថយន្តហើយរត់គេច តែត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០២នាក់ ១-ឈ្មោះ ប៊ាន ផារៈ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ២-ឈ្មោះ យ៉ាន់ យ៉េន ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា និងដកហូតវត្ថុតាងរួមមាន ៖ -រថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកប្រាក់ ស៊េរី២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2V-9941 -សត្វអន្សងចំនួន ១៧ ក្បាលស្មើនឹង ៦៩ គីឡូក្រាម (ងាប់) -សត្វកន្ធាយចំនួន ១០ ក្បាលស្មើនឹង ៤០ គីឡូក្រាម -សត្វអណ្តើកសកលចំនួន ២៧ ក្បាលស្មើនឹង ១៧០ គីឡូក្រាម -សត្វអណ្តើកស្រែចំនួន ១៧០ ក្បាលស្មើនឹង ១៥៥ គីឡូក្រាម -ស្លាកលេខរថយន្តចំនួន ០៨ សន្លឹក បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីបន្តទៅតុលាការ ចំណែកវត្ថុតាងសត្វព្រៃត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើក្រុងសិរីសោភ័ណយកទៅរក្សាទុក ៕


អត្ថបទដែលជាប់ទាក់ទង