នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ ដែលយកកាំបិតផ្គាក់កាប់ក្មួយចិញ្ចឹមខ្លួនឯងស្លាប់
កំពង់ចាម៖ករណីឃាតកម្មទៅលើកុមារអាយុ០១ឆ្នាំ នីនៅខេត្តកំពង់ចាម។ ជនសង្ស័យភេទប្រុសអាយុ៣៤ឆ្នាំត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានតដៃជាមួយកម្លាំងសមត្ថកិច្ច។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា វេលាម៉ោង០៦ និង៣០នាទីល្ងាច បុរសម្នាក់អាយុ៣៤ឆ្នាំបានប្រព្រឹត្តអំពើឃាតកម្មទៅលើកុមារអាយុ០១ឆ្នាំ នៅក្នុងភូមិទួលរកា, ឃុំរអាង, ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ ប៊ុនថុន សុខចំរើន ភេទប្រុស អាយុ១១ខែ ត្រូវជាក្មួយចិញ្ចឹមរបស់ជនដៃដល់។
ឃាតករឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិតអារកក្មេងអាយុ ១១ខែពិតប្រាកដមែន មូលហេតុដោយសារតែខ្លួនខឹងបងថ្លៃស្តីបន្ទោសឲ្យ និងធ្លាប់ធ្វើការងារក្រៅប្រទេសមានប្រើប្រាស់សារធាតុញៀន។
កុមាររងគ្រោះបានរងរបួសធ្ងន់ និងបានស្លាប់នៅកន្លែងកើតហេតុ។ ជនល្មើសបានគេចខ្លួន ប៉ុន្តែកម្លាំងសមត្ថកិច្ចបានចាប់ផ្តើមស្វែងរកខ្លួនជនល្មើស។ នៅវេលាម៉ោង០៩ និង៣០នាទីយប់ ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចរកខ្លួនឃើញ។ ក្នុងពេលដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនល្មើសបានតដៃជាមួយកម្លាំងសមត្ថកិច្ចដោយប្រើកាំបិត។
កម្លាំងប្រជាការពារម្នាក់បានរងរបួស ប៉ុន្តែកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនល្មើសដោយជោគជ័យ និងបានបញ្ជូនជនល្មើសទៅអាធិការដ្ឋានស្រុកដើម្បីស៊ើបសួរចម្លើយ។
ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្ត្រនៃអង្គភាពការពារកុមារ (CPU) កំពុងនៅកន្លែងកើតហេតុដើម្បីផ្តល់ជំនួយដល់មន្ត្រីនគរបាលខេត្តកំពង់ចាមក្នុងការពិនិត្យកន្លែងកើតហេតុ និងការស៊ើបអង្កេត
នេះគឺជាអំពើឃោឃៅបំផុតដែលបានប្រព្រិត្តឡើងទៅលើកុមារដែលគ្មានលត្ថភាពការពារខ្លួនបាន។
នគរបាលខេត្តកំពង់ចាមបានថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចផែនជំនាញនគរបាលព្រហ្មទណ្ឌខេត្ត ដឹកនាំលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង សហការកម្លាំងជាមួយប្រជាការពារ ព្រមទាំងមានការសម្របសម្រួល ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរុករកជនសង្ស័យ រហូតដល់វេលាម៉ោង ២១និង៣០នាទី សមត្ថកិច្ចបានរកឃើញជនសង្ស័យខាងលើ។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាមជនសង្ស័យបានទាញកាំបិតខ្វែវកង៉ុក ដេញកាប់កម្លាំងនគរបាល និងកម្លាំងប្រជាការពារ បណ្តាលឲ្យត្រូវប្រជាការពារម្នាក់ ឈ្មោះ ស្រ៊ីន ណៃហ៊ត់ ភេទប្រុស អាយុ៣៥ឆ្នាំ ១កាំបិត ចំខ្នង ។ ភ្លាមនោះសមត្ថកិច្ចយើង ក៏ចាប់ឃាត់បានជនសង្ស័យខាងលើ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ រៀបចំកសាងឯកសារ និងសំណុំរឿងតាមនីតិវិធី៕