ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ៖ ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបានជួសជុលកែលម្អជាថ្មីឡើងវិញ

137

កំពត៖ ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបាជួសជុលកែលម្អជាថ្មីឡើងវិញ ដើម្បីឱ្យការផ្សាយបន្តអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗ ដើម្បីបម្រើការ ស្តាប់និងទស្សនារបស់ប្រជាពលរដ្ឋ បានកាន់តែទូលំទូ លាយ ។

ក្នុងឱកាសអញ្ជើញទៅពិនិត្យមើល អគារ ស្ថានីយផ្សាយបន្តវិទ្យុ និង ទូរទស្សន៍ នៅលើភ្នំបូកគោ ខេត្តកំពត កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានណែនាំដល់ក្រុមការងារជំនាញ ត្រូវពន្លឿនការជួសជុលអគារនេះឡើងវិញ ដើម្បីបម្រើឱ្យការផ្សាយកាន់តែមានគុណភាព លឿន ច្បាស់ បានឆ្ងាយ ខណៈ ដំណើរការនៃគោលនយោបាយឌីជីថល របស់ក្រសួងព័ត៌មាន ដែលបានដាក់ចេញ ក្នុងគម្រោងចន្លោះឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣ គឺទីតាំងនៅលើ ភ្នំបូកគោនេះ ក៏ជាគោលដៅមួយនៃបង្គោលអង់តែន សម្រាប់ជាគម្រូ វិទ្យុ និងទូរទស្សន៍ ឌីជីថលនេះផងដែរ។
លោកបានបញ្ជាក់ថា ទីតាំងនៅលើភ្នំបូកគោនេះ មានលក្ខណ:អំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្ត វិទ្យុជាតិFM ៩៦ ,វិទ្យុ FM វត្តភ្នំ ,វិទ្យុ FM ខេត្តកំពត និងផ្សាយបន្តទូរទស្សន៍ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់ តំបន់ឆ្ងាយៗ ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និង
ស្តាប់បានពីការផ្សាយរបស់វិទ្យុ និងទូរទស្សន៍អំពីដំណឹង និងព័ត៌មានថ្មីៗទាន់ហេតុការណ៍ ។
លោកបន្តថា៖ អ្វីដែលសំខាន់គឺការផ្សាយ អំពីការព្យាករណ៍អាកាសធាតុ សម្រាប់អ្នកនេសាទនៅសមុទ្របានដឹង ដែលបញ្ចៀស ពីឧបទ្ទវហេតុផ្សេងៗដែលអាចកើតមាន។ ក្នុងគម្រោងនៃការសាងសង់អគារនេះ ក៏ទុកសម្រាប់ឱ្យមន្ត្រី ក្រសួងព័ត៌មាន មកលេងកម្សាន្ត និងស្នាក់នៅផងដែរ។
លោករដ្ឋមន្ត្រីបន្តថា៖ ពីមួយថ្ងៃទៅមួយថ្ងៃក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើនដែលត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យ វិស័យព័ត៌មាន និងសោតទស្សន៍កាន់តែរីកចម្រើន ស្របតាមការវិវត្តន៍ នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅ ពេលណា ទីណាក៏បាន ។
អគារស្ថានីយផ្សាយបន្តពីវិទ្យុ និងទូរទស្សន៍ខេត្តកំពតនេះ ត្រូវបានកសាងឡើងតាំងពីអំឡុងឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែសាងសង់ មិនទាន់រួចរាល់ហើយទុក ចោល ដែលជាហេតុធ្វើឱ្យអគារមានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឱ្យមានការជួសជុល ឡើង វិញ ដើម្បីអាចដាក់សម្ភារ ម៉ាស៊ីនផ្សាយដែលអាចផ្សព្វផ្សាយ គ្របដណ្តប់ តាមបណ្តាខេត្តជាប់សមុទ្រ និងភាគនារតី នៃប្រទេសកម្ពុជា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង