ប៉ូលិសម្នាក់ ដកកាំភ្លើងគំរាមបាញ់សម្លាប់ប៉ូលិសម្នាក់ទៀត ត្រូវចាប់ខ្លួន
ភ្នំពេញ៖ ជម្លោះក្នុងវង់ផឹកស៊ី នគរបាលអន្តរាគមន៍ព្រែកឯងម្នាក់ ដកកាំភ្លើងបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់ប៉ូលិសម្នាក់ទៀត ។នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯងនោះ យោងរតាមពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ច បានឃាត់ខ្លួនប៉ូលិសរូបនេះ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យជាប៉ូលិសរូបនេះមានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិស ។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទីយប់ ជនសង្ស័ យ និងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ី ក្នុងភោជនីយដ្ឋានមួយ យីហោ ហ្ស៊ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀត ប្រហែល១០នាក់ លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមទៅអោយជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យក៏អោនរើសបារីដែលធ្លាក់ទៅលើដីហុចទៅឲ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើឲ្យជនសង្ស័យនិយាយថា ជនរងគ្រោះមើលងាយខ្លួន ។
ក្រោយមក ជនសង្ស័យបានទាញអាវុធខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារមកបញ្ចូលគ្រាប់រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែ ពេលនោះក៏ត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់ចេញបំបែកចេញពីរៀងៗខ្លួន ហើយជនសង្ស័យបានរត់គេចខ្លួន ។ ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
បន្ទាប់មក នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចក៏តាមចាប់ខ្លួនជនសង្ស័យបានតែម្តង ៕