ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅតំបន់ ជាយក្រុងនឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ក្រោយរោងចក្រប្រព្រឹត្តកម្មផលិតទឹកស្អាតទី៤ នៅសង្កាត់បាក់ខែង រួចរាល់ក្នុងឆ្នាំ២០២៣

72

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយរាជធានីភ្នំពេញនឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំ២០២២ ឬ២០២៣ ខាងមុខ ខណៈដែលរោងចក្រប្រព្រឹត្តកម្មផលិតទឹកស្អាតទី៤ ជំហានទី១នៅសង្កាត់បាក់ខែងគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ទឹកស្អាត  ជូនប្រជាពលរដ្ឋ

  ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណិត្តទី២ នាព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា នាខណ្ឌពោធិសែនជ័យ បានមានប្រសាសន៍ថាអាជ្ញាធររាជធានីភ្នំពេញមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្នុងការដោះស្រាយបញ្ហាតម្រូវការទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅនៅតំបន់ជាយក្រុង ដែលការងារនេះត្រូវអនុវត្តន៍ជាជំហានៗ ស្របពេលដែលរាជរដ្ឋភិបាល កំពុងជំរុញការបង្កើតស្ថានីយទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញតំរូវការរបស់ប្រជាពលរដ្ឋ

   លោកប៉ា សុជាតិវង្ស បន្តអោយដឹងថា ការរបង្កើតស្ថានីយផលិតទឹកស្អាតនិមួយៗទាមទារឱ្យមានផែនការត្រឹមត្រូវមានជំហានអនុវត្ត ការចំណាយពេលវេលានិងថវិការច្រើនក្នុងការសាងសង់   រាជរដ្ឋាភិបាលកំពុងកសាងស្ថានីយផលិតទឹកស្អាតនៅបាក់ខែងដែលគ្រោងនឹងរួចរាល់នៅឆ្នាំ២០២៣ ដូច្នេះវាអាចឆ្លើយតបជាមួយនឹងតំរូវការ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ កំបូល  និងខណ្ឌព្រែកព្នៅជាដើម។

ការបង្ហាញផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុងនេះ គឺឆ្លើយ តបទៅនឹងសំណើរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិសែនជ័យដែលបានលើកឡើងពីបញ្ហាខ្វះខាតទឹក ស្អាតប្រើប្រាស់នៅក្នុងសង្កាត់មួយចំនួន ហើយត្រូវទិញទឹកពីភ្នាក់ងារឯកជនក្នុងតម្លៃថ្លៃរហូតដល់៣០០០ រៀលក្នុងមួយម៉ែត្រគូប។

លោកកៅ សាលៀប ប្រជាពលរដ្ឋរស់នៅភូមិចំការឪឡឹក ក្នុងសង្កាត់ត្រពាំងក្រសំាងបានឱ្យដឹងថា ប្រជាពលរដ្ឋនៅរដូវ ប្រំាងនេះអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ច្រើន ដោយសារតែពុំទាន់មានបំពងភ្ជាប់ចូលទៅក្នុងលំនៅដ្ឋាន ហើយការទិញទឹកពីឯកជនមានតម្លៃថ្លៃ ដោយក្នុងមួយឡានតម្លៃ៤ម៉ឺនរៀល ដែលធ្វើឱ្យប៉ៈពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

   លោក ហេង សុផាន់ណារ៉ាត តំណាងរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ បានមានប្រសាសន៍ឆ្លើយតបទៅនឹងសំនួររបស់ប្រជាពលរដ្ឋថា តំបន់ត្រពាំងធ្នង់ សង្កាត់សំរោង បំពង់ទឹករបស់រដ្ឋបានទៅដល់ហើយ ដែលបងបងប្អូនប្រជាពលរដ្ឋអាចតភ្ជាប់បាន  ខណៈដែលតំបន់ដាច់ស្រយោលមិនមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់និងដីឡូត៍ ប្រជាពលរដ្ឋអាចទៅទំនាក់ទំនងទៅ ផ្នែកផែនការរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ដើម្បីឱ្យក្រុមការងារពិនិត្យផ្ទាល់ អាចនឹងដាក់ទឹកឱ្យប្រើប្រាស់បាន

    លោកបន្តថា ចំពោះប្រជាពលរដ្ឋនៅម្តុំភូមិចំការឪឡឹក២ គឺមានបំពង់ទឹកស្អាតទៅដល់ផងដែរ នៅតែតំបន់ដីឡូត៍ និងតំបន់មិនទាន់រៀបរយ ជាពិសេសតាមផ្លូវរថភ្លើងតែងម្តង ប្រសិនជាប្រជាពលរដ្ឋមិនប៉ះនៅតំបន់នេះទេ រដ្ឋាករទឹកនឹងដាក់ជូន ប៉ុន្តែជាដំណោះស្រាយចំពោះមុខ រដ្ឋាករទឹកនឹងដាក់នាឡិការួមមួយ ដើម្បីបងប្អូនប្រើប្រាស់បណ្តោះអាសន្នរហូតទៅដល់រោងចក្របាក់ខែងសាងសង់រួចរាល់

   លោកបន្តថា ចំពោះប្រជាពលរដ្ឋដែលរស់នៅម្តុំសង្កាត់ត្រពាំងក្រសាំងវិញ សម្ពាធទឹកទៅមិនដល់នោះទេដោយសារបញ្ហាផលិតកម្មផលិតមិនទាន់តំរូវការ ដោយរង់ចាំការសាងសង់រោងចក្រផលិតទឹកស្អាតបាកខែងរួច រាល់។

  លោកបន្តថា យើងបានកំពុងតែសាងសង់រោងចក្របាក់ខែងជំហានទី១ ជំហានទី២ ដែលទាំង២នេះបរិមាណទឹកយើងកើននៅក្នុងឆ្នាំ២០២២ ប្រមាណជា៤០ភាគរយ ២០២៣នឹងបញ្ចប់ បរិមាណទឹកផលិត៣៨០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃពេលនោះយើងអាចផ្គត់ផ្គង់គ្រប់គ្រាន់ហើយ

  លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ការលើកឡើងពីសំណូមពរ និងតម្រូវ ការចំាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត ការធ្វើលូ ធ្វើផ្លូវនេះ អាជ្ញាធរនិងមន្រ្តីជំនាញ នឹងដោះស្រាយជូនជាបន្តបន្ទាប់ ដើម្បីបំពេញទៅនឹងសេចក្តីត្រូវការរបស់រស់នៅ របស់ប្រជាពលរដ្ឋ។

   គួរបញ្ជាក់ថា តាមការព្យាករណ៍របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ការប្រើប្រាសទឹកស្អាតនៅរាជធានីភ្នំពេញនឹងមានតម្រូវការហូតដល់ប្រមាណជាង ៩០ពាន់ម៉ែត្រ គូប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៥ និងជាង១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ 

 

អត្ថបទដែលជាប់ទាក់ទង