ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩

92

 

​ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​រសៀល​ថ្ងៃទី 29 ខែ​វិច្ឆិកា​ឆ្នាំ 2020 នេះ​បានចេញ​សារ​អំពី​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ និង​អនុវត្ត​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ច្បាស់លាស់​បំផុត​។​

​សម្ដេច​ក្រឡាហោម​ស ខេង បាន​ថ្លែងថា បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​! ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាទី​រាប់អាន​! ។​

“​ខ្ញុំ​សូម​ជម្រាបជូន​ថា ខ្ញុំ​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​សំណាក​ទៅធ្វើ​តេស្ត​រក​មេរោគ កូ​វីដ​១៩ ដោយសារតែ​កាលពី​ម៉ោង ៨ និង​៣០​នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ពិភាក្សា​លើ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ទីស្ដីការគណៈរដ្ឋមន្ត្រី​” សម្ដេច​ក្រឡាហោម​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នា​ថ្ងៃនោះ ឯកឧត្តម ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ធា​គារ ក្រសួងមហាផ្ទៃ ក៏បាន​ចូលរួម​ដែរ ដោយ​គាត់​បាន​ពាក់​ម៉ាស់ ឆ្លងកាត់​ការ​វាស់​កំដៅ និង​បាញ់​អាល់កុល​សម្លាប់​មេរោគ ដូច​រូបខ្ញុំ ព្រមទាំង​អ្នកចូលរួម​អង្គប្រជុំ​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​នៅក្នុង​អំឡុងពេល​ប្រជុំ​នោះ គាត់​បាន​បង្ហើប​ម៉ាស់​ចេញពី​មាត់​ចំនួន​១​ដង​ដើម្បី​មានមតិ​ខ្លី​មួយ​។

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ខ្ញុំ​ក៏បាន​ដើរ​ចេញពី​បន្ទប់​ប្រជុំ ដោយ​ឆ្លងកាត់​ពីក្រោយ​ខ្នង ឯកឧត្តម ឆែម សាវុធ ហើយ​ពេល​នោះដែរ គាត់​ក៏បាន​ក្រោកឈរ និង​មានការ​ឆ្លើយឆ្លង​គ្នា​ខ្លី​មួយ​ម៉ាត់​ពីរ មុនពេល​ខ្ញុំ​ចាក​ចេញពី​បន្ទប់​ប្រជុំ​។

​ក្រោយពី​កិច្ចប្រជុំ​នោះដែរ តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួលបាន ឯកឧត្តម ឆែម សាវុធ ក៏បាន​បន្ត​បំពេញការងារ​ជាធម្មតា និង​បានធ្វើ​ដំណើរ​ទៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ផ្ទេរ​អ្នកទោស​ដែល​បាន​ផ្ទេរចេញ​មួយរយៈ​ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ​ចូលមក​កាន់​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​វិញ​ផងដែរ​។

​ជា​ប្រការ​គួរឱ្យ​សោកស្ដាយ​ណាស់ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ម្សិលមិញ​នេះ ភរិយា​ឯកឧត្តម ឆែម សាវុធ ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​មាន​អា​ការៈមិន​ស្រួលខ្លួន​រយៈពេល​ជាង​មួយ​សប្ដាហ៍ ហើយ​លទ្ធផល​ជា​បន្តបន្ទាប់​ក៏​បង្ហាញថា​ឯកឧត្តម ឆែម សាវុធ និង​សមាជិកគ្រួសារ​មួយចំនួនទៀត​ក៏បាន​ឆ្លង​ជំងឺ​នេះដែរ​។

​ដូច្នេះ​គឺជា​ការចាំបាច់​បំផុត​ដែល​ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាម​វិធាន​របស់​ក្រសួងសុខាភិបាល​។ ទោះបីជា​យ៉ាងណា ខ្ញុំ​នៅតែ​បន្ត​បំពេញភារកិច្ច​ពិនិត្យ​សម្រេច​លើ​សំណើរ និង​សំណូមពរ​នានា​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​បងប្អូន​ជនរួមជាតិ​ជាធម្មតា​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ពី​បន្ទប់​ដាច់ដោយឡែក​នៅផ្ទះ​របស់ខ្ញុំ​។

​ខ្ញុំ​សូម​អំពាវនាវ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ និង​អនុវត្ត​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ច្បាស់លាស់​បំផុត ។

​ដោយឡែក​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​នគរបាលជាតិ ដែល​មិនមាន​ការជាប់​ពាក់ព័ន្ធ​សូម​បន្ត​បំពេញភារកិច្ច​ជាធម្មតា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង​ការប្រមូលផ្ដុំ និង​តាមដាន​សុខភាព​ជាប្រចាំ​។

​ខ្ញុំ​ក៏​សូម​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ផ្ញើ​សារ​ជូនពរ​ខ្ញុំ ព្រមទាំង​ក្រុមគ្រួសារ​។ ខ្ញុំ​ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​ចៀស​ផុតពី​គ្រោះ​ចង្រៃ​ជំងឺ​កូ​វីដ​-១៩៕​

អត្ថបទដែលជាប់ទាក់ទង