ហ្វេសប៊ុកមួយចោទស្នងការរងខេត្តកែបមួយរូបថា ឲ្យជួយរកស្រីក្មេងៗគាត់ដើម្បីសប្បាយ តែលោកបដិសេធ
កែប ៖ គណនីហ្វេសប៊ុក ឈ្មោះ Sey Ha បានសរសេរ និងបញ្ចេញសារឆ្លើយឆ្លងគ្នាតាមរយៈម៉េសសេក ជាមួយលោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប ពាក់ព័ន្ធនឹងករណីដែលស្នងការរង ឲ្យឈ្មោះសីហា ជួយរកស្រីក្មេងៗឲ្យលោកមួយ គ្រាន់កំដអារម្មណ៍។ ប៉ុន្តែទោះយ៉ាងលោកស្នងការរងរូបនោះ បានចេញសេចក្តីបដិសេធទាំងស្រុងចំពោះ រូបភាព និងខ្លឹមសារ នៃព័ត៌មាននេះ និងចាត់ទុកថាម្ចាស់គណនីហ្វេសប៊ុកខាងលើមានចេតនាផលិតព័ត៌មាន និងកាត់តរូបភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីបង្ខូចកិត្តិយស។
គណនីហ្វេសប៊ុក ឈ្មោះ Sey Ha បានលើកឡើងថា “សូមបងប្អូនមកស្គាល់អាមេប៉ូលិស ដែលល្មោភចុយស្រីនេះ ឲ្យហើយទៅ ពេលវាចង់ចុយស្រី វាឲ្យខ្ញុំរកស្រីឲ្យវាពីរនាក់ រួចហើយពេលវាបានសប្បាយ វាក៏មិនបានឲ្យលុយខ្ញុំថ្លៃរកឲ្យវាដែរ ពិតជាថោកណាស់អានេះ”។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២០ បានសេចក្ដីប្រកាសព័ត៌មានថា”
ខ្ញុំឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប សូមជម្រាបជូន សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មេត្តាជ្រាប៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ មានគណនីហ្វេកបុកឈ្មោះ Sey Ha បានធ្វើការបង្ហោះព័ត៌មានមួយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំបាទ”។
លោកស្នងការរង សូមធ្វើការបដិសេធទាំងស្រុងចំពោះ រូបភាព និងខ្លឹមសារ នៃព័ត៌មាននេះ និងចាត់ទុកថា ម្ចាស់គណនីហ្វេសប៊ុកខាងលើ មានចេតនាផលិតព័ត៌មាន និងកាត់តរូបភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីបង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជារូបលោកផងដែរ។
កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប នឹងបន្តធ្វើការស្រាវជ្រាវស្វែងរកម្ចាស់គណនីហ្វេសប៊ុកខាងលើ ឲ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកែប ក៏ដូចជារូបលោកផ្ទាល់ សូមអំពាវនាវដល់សាធារណជន បណ្ដាញសង្គម សូមកុំមានការយល់ច្រឡំចំពោះករណីនេះ និងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណជនទាំងអស់ ដែលតែងតែសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងការរួមចំណែកលើកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ៕