ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិមានឈ្នះ-ឈ្នះ នឹងសម្ពោធ ចំនឹងថ្ងៃរាជរដ្ឋាភិបាលប្រារព្ធខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ

276

ភ្នំពេញ៖ វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)។

រហូតមកដល់ពេលនេះ វិមានឈ្នះ ឈ្នះ បានសាងសង់ផ្នែកតួបានចំនួនជាង ៨០ភាគរយហើយ ហើយគ្រោងនឹងសម្ពោធជាផ្លូវការ នៅចុងខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាអនុប្រធានគណៈកម្មការសាងសង់ វិមានឈ្នះ ឈ្នះ បានបញ្ជាក់ថា កិច្ចប្រជុំការងារសាងសង់វិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី៧ សីហា ២០១៨។

សម្តេចពិជ័យសេនា បានជំរុញឲ្យក្រុមការងារសាងសង់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាស្វែងរកឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីយកមកដាក់តាំងបង្ហាញ នៅក្នុងវិមានក្នុងគោលបំណងទុកឲ្យក្មេងៗ ជំនាន់ក្រោយសិក្សាស្រាវជ្រាវ អំពីប្រវត្តិសាស្រ្តពិតរបស់កម្ពុជា។

សូមរំលឹកថា ស្តូបវិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
រូបចម្លាក់សម្រាប់ដាក់តាំងនៅក្នុងវិមាននេះ គឺបានឆ្លាក់រួចរាល់ហើយ ដែលនៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះ-ឈ្នះ ដែលរូបចម្លាក់នេះ ទាក់ទងទៅនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀត ទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។ រូបចម្លាក់ជាច្រើនទៀត ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមានឈ្នះ-ឈ្នះ មានដូចជា រូបចម្លាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ៕

អត្ថបទដែលជាប់ទាក់ទង