រួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ ជាច្រើនដង ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ
បន្ទាយមានជ័យ៖ អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានរួមភេទជាមួយជនរងគ្រោះ អាយុ១៤ឆ្នាំ ជាច្រើនដង តែករណីនេះជនសង្ស័យឆ្លើយថា ជនរងគ្រោះស្ម័គ្រចិត្តរួមភេទជាមួយខ្លួន ហើយទទួលយកថ្នូជាប្រាក់។ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់តាមនីតិវិធីហើយនៅថ្ងៃទី៨ ធ្នូ ២០២០។
ការឃាត់ខ្លួនជនសង្ស័យរូបនោះ ដោយយោងលើពាក្យបណ្តឹង របស់ឈ្មោះ រឿន ចក់ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ ច.ជ.ភ ភេទស្រី អាយុ១៤ឆ្នាំ។
ដោយបានការអនុញ្ញាតបើកការស៊ើបអង្គេតបឋមលេខៈ ២២០៩ ចុះថ្ងៃទី០៣ ធ្នូ ២០២០ របស់លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង នៅវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ អាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខៀវ វិច្ឆិកា (ហៅកា) ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ហើយយកមកសាកសួរចម្លើយ។ ក្រោយពីសាកសួររួចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានរួមភេទជាមួយជនរងគ្រោះឈ្មោះ ច.ជ.ភ ភេទស្រី អាយុ១៤ឆ្នាំ ជាច្រើនដងពិតប្រាកដមែន ដោយជនរងគ្រោះស្ម័គ្រចិត្តរួមភេទជាមួយខ្លួន ហើយទទួលយកថ្នូជាប្រាក់។
ដោយទទួលបានបណ្ដឹងរបស់ជនរងគ្រោះ និងស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ខៀវ វិច្ឆិកា គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ នៃបទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោមអាយុ១៥ឆ្នាំ និងបទទិញពេស្យាចារកុមារ ដែលប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ ដល់អំឡុងខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ផ្កាយមាស ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ករណីខាងលើនេះ ការិយាល័យប្រឆាំងការជួញដូរមនុស្សកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់តាមនីតិវិធីហើយ៕