ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ប្រកាសលទ្ធផលសវនាការ ពាក់ព័ន្ធនឹងការជំនុំជម្រះលើ អ្នកដឹកនាំធ្វើយុទ្ធនាការម្រាមដៃស្អាត ៥នាក់ នៅខេត្តបាត់ដំបង

82


ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផល នៃសវនាការរបស់ខ្លួន ពាក់ព័ន្ធនឹងការជំនុំជម្រះលើ អ្នកដឹកនាំធ្វើយុទ្ធនាការម្រាមដៃស្អាត ៥នាក់ នៅខេត្តបាត់ដំបង។

កាលពី​ព្រឹក ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បើក​សវនការ​ជំនុំជម្រះ​លើ​សំណុំរឿង​លេខ​០០១ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង ហើយ​នៅ​ម៉ោង​៣ រសៀលនេះ ជំនុំជម្រះ​បាន​សម្រេច​​តម្កល់​សេចក្តី​សម្រេច​​​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តបាត់ដំបង ទុក​ជា​បាន​ការ​ដដែល តែ​មាន​ការ​កែប្រែ​ខ្លះ គឺ​២​នាក់ សម្រេច​ពិន័យ​៥​លាន​រៀល ហើយ​២​នាក់ បាន​រួចខ្លួន និង​បើក​ឲ្យ​មាន​ការ​ប្តឹង​ជំទាស់​តាម​កំណត់​ច្បាប់។ បុគ្គល​ទាំង​៥​រូប ដែល​រង​នូវ​ការ​ប្តឹង​នេះ​រួម​មាន​ឈ្មោះ ជា ជីវ​, ថោង សារឿន​, ម៉ាង ឈុន​, ពៅ តាំង និង គ្រុយ គឹម​សាំង​។ បុគ្គល​ទាំង​៥​នាក់ ត្រូវបាន​គណៈកម្មការ​បោះឆ្នោត​ខេត្ត​បាត់ដំបង សម្រេច​ពិន័យ​ក្នុង​ម្នាក់ៗ​១០​លាន​រៀល ប៉ុន្តែ​អ្នក​ទាំង​៥ មិន​ទទួលយក ហើយ​បាន​ប្តឹង​បន្ត​មក គ​.​ជ​.​ប​។

ការបើកសវនាការនេះ ធ្វើឡើងបន្ទាប់ពីភាគីចុងចម្លើយបានប្តឹងបន្តមក គ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ០០១ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់គ.ខ.បខេត្តបាត់ដំបង។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា​ ក្នុងករណីសេចក្តីសម្រេចដោយគ.ជ.ប ពេលនេះ ភាគីពាក់ព័ន្ធនៅតែមិនអស់ចិត្ត ពួកគាត់ក៏អាចប្តឹងដើម្បីឱ្យមានការដោះស្រាយចុងក្រោយ នៅក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបើកសវនាការអស់រយៈពេលមួយព្រឹកនៅថ្ងៃទី២៦ ខែកក្កដា ​ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ខេត្តបាត់ដំបង បានសម្រេចធ្វើការផាកពិន័យ ជាទឹកប្រាក់ចំពោះសមាជិកអតីតគណបក្សប្រឆាំង ចំនួន៥នាក់ខាងលើនេះ ក្នុងម្នាក់ៗចំនួន១០លានរៀល ពាក់ព័ន្ធការធ្វើយុទ្ធនាការម្រាមដៃស្អាត ដែលបំផុសបំផុសដោយ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ។

សូមបញ្ជាក់ថា សវនាការ​នេះ បានធ្វើ​ឡើង​នៅ​សាលប្រជុំ គ​.​ជ​.​ប ហើយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​រួមមាន ទី​១ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន ទី​២ លោក នុត សុខុម ជា​សមាជិក ទី​៣, លោក មាន ស​ទិ ជា​សមាជិក ទី​៤ លោក ឌឹ​ម សុ​វណ្ណា​រុំ ជា​សមាជិក ទី​៥ លោក ឌុ​ច សុន ជា​សមាជិក ទី​៦ លោក ហ៊ីង ធី​ប្ញ​ទ្ធិ ជា​សមាជិក ទី​៧ លោក ឯម សូផាត ជា​សមាជិក ទី​៨ លោក ហ៊ែ​ល សារ៉ាត់ ជា​សមាជិក និង​ទី​៩ លោក ហង្ស ពុទ្ធា ជា​សមាជិក។ ក្នុង​នោះ​មានការ​ចូលរួម​ពី​មេធាវី​តំណាង​ដើម​បណ្តឹង និង​មេធាវី​តំណាង​ចុង​ចម្លើយ​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង