ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ឡាយវីដេអូថាមានក្រុមចោរប្លន់ តែនគរបាលបដិសេធ គឺករណីហិង្សាដែលផ្តើមចេញ ពីគ្រោះថ្នាក់ចរាចរ

100


សៀមរាប ៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប នៅថ្ងៃទី៨ខែសីហានេះ បានផ្សាយថា បន្ទាប់ពីមានការផ្សពផ្សាយ តាមរយៈការឡាយវីដេអូ នៅលើបណ្តាញហ្វេសប៊ុក របស់អាខោន “Hout​ Robin”ដែលបាននិយាយលើកឡើងថា មានករណីក្រុមចោរប្លន់ នៅក្នុងក្រុង​សៀមរាប​ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នេះ​ នគរបាលក្រុងសៀមរាប សូមធ្វើការច្រានចោល និងបំភ្លឺថាករណីនោះគឺជាករណីហិង្សាដែលផ្តើមចេញ ពីគ្រោះថ្នាក់ចរាចរតែប៉ុណ្ណោះ។ ចំណែកជនសង្ស័យចំនួន៤នាក់​ដែល​ប្រើអំពើហិង្សាមកលើជនរងគ្រោះ​ សមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណ ដើម្បីចាប់ខ្លួន ។

ជនរងគ្រោះនៅក្នុងករណីនេះ ឈ្មោះ ហៀក​ សេងហួត ឈ្មោះក្រៅហួត ភេទប្រុស​អាយុ៤៨ឆ្នាំ មុខរបរ​មគ្គុទេសភាសាអង់គ្លេស មានទីលំនៅ បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប មានលេខទូរស័ព្ទ ០៩២២៦៥៦១១។

បានបំភ្លឺដូចតទៅ ដោយមានការណាត់ជូនភ្ញៀវទេសចរ ដើរទស្សនាតំបន់ប្រាសាទអង្គរ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨​ វេលាម៉ោង៣:៣០នាទីព្រឹក​ទៀបភ្លឺ ជនរងគ្រោះជិះរថយន្តមួយគ្រឿងម៉ាក កាមមរី​កាលីហ្វញ៉ា ពណ៌ទឹកប្រាក់ ស្លាកលេខ ក6041 ភព2 ដើម្បីទៅផឹកកាហ្វេ នៅហាងអ៊ីហុង នៅម្តុំផ្សាររាត្រី ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប​ ក្រោយផឹកកាហ្វេហើយ​នៅវេលាម៉ោង៤:២០នាទី រូបគាត់បាន ឡើងជិះរថយន្ត​ ដើម្បីបន្តចេញដំណើរ​ ទៅជួបភ្ញៀវដែលបានណាត់ជួប​ខណះដែលមេឃកំពុងមានភ្លៀងធ្លាក់ផងដែរ។ តែទៅដល់ចំណុច ខាងមុខ​ ភោជនីយដ្ឋាន​ហូមថូ (Home2)​ ស្ថិតក្នុងភូមិសង្កាត់ដដែល ក៏ប្រទះឃើញម៉ូតូ មួយគ្រឿង​ ជិះគ្នាពីរនាក់ បានដួលនៅលើផ្លូវ ដោយមិនដឹងមូលហេតុ ដោយឃើញបែបនេះ គាត់ក៏ឈប់រថយន្ត បម្រុងចុះទៅជួយមើល​ អ្នកដែលជិះម៉ូតូដួល តែពេលបើកទ្វារថយន្តភ្លាម ស្រាប់តែមានជនសង្ស័យចំនួន២នាក់ផ្សេងទៀត បានដើរសំដៅ មកប្រើអំពើហិង្សារ លើខ្លួនគាត់ជាជនរងគ្រោះ តែម្តង​។ ចំណែកឯបុរសទាំងពីរ នាក់ដែលជិះម៉ូតូដួលនោះ ​ក៏ងើបមកវ៉ៃលើដឹងខ្លួន​គាត់​ ជាជនរងគ្រោះផងដែល បណ្តាលឲ្យបែកក្បាលហូរឈាម ជនរងគ្រោះបានស្រែកខ្លាំង​ៗ​ ឲ្យអ្នកក្បែរកន្លែងកើតហេតុជួយដែរ​ តែគ្មានអ្នកណាមកជួយជនរងគ្រោះឡើយ​ ខណៈដែលមេឃ​ នៅតែបន្តភ្លៀងធ្លាក់ខ្លាំង​ ហើយងងឹតផងដែរ។ ក្រោយប្រើអំពើហិង្សាលើជនរងគ្រោះរួច ជនសង្ស័យទាំង៤នាក់ បានឡើងជិះម៉ូតូបើកចេញ​និងរត់ចេញទៅបាត់ ចំណែកជនរងគ្រោះក៏បានរត់ត្រឡប់ ទៅហាងកាហ្វេអ៊ីហុង​ ដើម្បីអោយគេជួយ អ្នកនៅក្នុងហាងកាហ្វេ បានប្រាប់ជនរងគ្រោះឲ្យទៅមន្ទីពេទ្យដើម្បី លាងរបួសសិន​ និងរាយការណ៍ទៅសមត្ថកិច្ច។ បន្ទាប់ពីលាងរបួស និងដេរភ្ជាប់ស្នាមរបួសរួចហើយ ជនរងគ្រោះក៏បានធ្វើដំណើរត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីមកយករថយន្តហើយធ្វើការឡាយវីដេអូហ្វេសប៊ុក (Live​ Video​ Facebook)​ ដោយស្ថិតក្នុងអារម្មណ៍ខឹងផងភ័យផង ជនរងគ្រោះក៏បាននិយាយថា មានចោរប្លន់​មកលើខ្លួនគាត់ តែតាមការពិត គឺជាករណីហិង្សាតែប៉ុណ្ណោះ ចំណែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះក៏មិនមានការបាត់បង់អ្វីដែរ។

យោងតាមការការបំភ្លឺពីជនរងគ្រោះ និងសាក្សី ចំពោះករណីនេះ នគរបាលក្រុងសៀមរាប នគរបាលក្រុងសៀមរាប សូមបដិសេដថា ករណីនេះ​ មិនមែនជាករណីប្លន់ ដូចការលើកឡើងរបស់ជនរងគ្រោះនោះឡើយ​ និងសូមអះអាងថា​ករណីនេះ​ ជាករណីហិង្សាដែលផ្តើមចេញ ពីគ្រោះថ្នាក់ចរាចរតែប៉ុណ្ណោះ។ ចំណែកជនសង្ស័យចំនួន៤នាក់​ ដែល​ប្រើអំពើហិង្សាមកលើជនរងគ្រោះ​ នគរបាល កំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ ដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

អាស្រ័យ​ហេតុនេះ​ សូម បងប្អូនប្រជាពលរដ្ឋ​ បណ្តារអ្នកសាព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុគ មេត្តាជ្រាបជាព័ត៌មាន​និងសូមបញ្ឈប់ការផ្សពផ្សាយឃ្លិបវីដេអូនេះបន្តទៀត ព្រោះជាករណីមិនពិតនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង