ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ នឹងមានភ្លៀងជោកជាំ ដោយសារឥទ្ធិពលកូនព្យុះ

175


ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨ នៅ តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងជោកជាំច្រើនថ្ងៃបន្ថែមទៀត ។ នៅលើលំហសមុទ្រ មានភ្លៀង-ខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗ ។ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា មានប្រព័ន្ធសម្ពាធទាបមួយ បាននិងកំពុងអូសកាត់លើអាងទន្លេមេគង្គ។ នៅក្នុងប្រព័ន្ធសម្ពាធទាប មានសម្ពាធសកម្មមួយកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ សម្ពាធទាបសកម្មនេះ នឹងរំកិលខ្លួនឆ្ពោះទៅរកកោះហែណាំ ហើយក្នុងអំឡុងពេល ៣ឬ៤ថ្ងៃទៀត វានឹងវិវត្តទៅជាកូនព្យុះ ស្ថិតនៅចន្លោះកោះហៃណាំ ហុងកុង។ ក្នុងពេលជាមួយគ្នានេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើ តំបន់ឆ្នេរប្រទេសកម្ពុជា។

យោងតាមការព្យាករណ៍លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា មានស្ថានភាព តំបន់មានត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ជោកជាំ ច្រើនថ្ងៃបន្ថែមទៀត លើលំហសមុទ្រ មានភ្លៀងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។តំបន់ខ្ពង់រាប និងបណ្តាខេត្តស្ថិតតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រហូតដល់ចុងសប្តាហ៍។ បណ្តារាជធានី ខេត្តដទៃទៀត អាចនឹងមានភ្លៀងពីមធ្យមទៅបង្គួរ។ ដូច្នេះសូមប្រុងប្រយ័ត្ន សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រយ័ត្នខ្ពស់ ដើម្បីចៀសវាយនូវគ្រោះថ្នាក់ ៕

អត្ថបទដែលជាប់ទាក់ទង