ថ្មី៣៤៧នាក់ស្លាប់ដោយគ្រោះរញ្ជួយដីវាយប្រហារភាគកណ្តាលឥណ្ឌូណេស៊ី
ទីហ្សាការតា៖ គិតត្រឹមយប់ថ្ងៃទី៨សីហាមានមនុស្ស៣៤៧ នាក់ស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ ដែលបានវាយប្រហារកោះ លុមបុក (Lombok) ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានកើនដល់៣៤៧នាក់ហើយ ខណៈប្រជាជនឥណ្ឌូណេស៊ីប្រហែល ១៦៥,០០៣នាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីលំនៅរបស់របស់ពួកគេ។
យោងតាមការផ្សាយចេញពីសារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
អាជ្ញាធរឥណ្ឌូណេស៊ីឱ្យដឹងថា៖គ្រោះរញ្ជួយដីខាងលើ ដែលបានកើតមានឡើងកាលពីថ្ងៃអាទិត្យ បានផ្តាច់ជីវិតមនុស្សកើនដល់៣៤៧នាក់។ មិនតែប៉ុណ្ណោះ គ្រោះធម្មជាតិនេះក៏បានបង្កភាពវឹកវរជាខ្លាំងដល់ប្រជាជនរស់នៅក្នុងតំបន់ ព្រមទាំងភ្ញៀវទេសចរផងដែរ ហើយវាកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយកោះទេសចរណ៍ Lombok ដែលមានមនុស្សរស់នៅជាង០៣លាននាក់នេះ ទើបតែបានទទួលរងការវាយលុកដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយផ្សេងទៀត ដែលបានសម្លាប់ ជីវិតមនុស្ស ១៧នាក់។
គួរបញ្ជាក់ថា ក្រៅពីនេះមនុស្សប្រមាណ ១,៤៧៧នាក់ ក៏បានរងរបួសផងដែរ ដោយសារគ្រោះរញ្ជួយផែនដីកាលពីថ្ងៃអាទិត្យ រួមជាមួយផ្ទះសម្បែងរាប់ម៉ឺនខ្នង បានទទួលរងការខូចខាត ហើយហេតុការណ៍នេះ ក៏បានបង្ខំឲ្យអ្នកទេសចររាប់ពាន់នាក់ ដែលភាគច្រើនមកពីបរទេសធ្វើការជម្លៀសខ្លួន ជាបន្ទាន់ចេញពីប្រជុំកោះជីលី (Gili) ដែលនៅក្បែរកោះ Lombok ផងដែរ៕