ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ ផៃ ស៊ីផាន៖ ការស្នើរបស់ឧបការីអាមេរិក ឱ្យដោះលែងលោក កឹម សុខា ជាដែនសមត្ថកិច្ច របស់តុលាការ

83


ភ្នំពេញ៖ លោក​ ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ការស្នើសុំ របស់ឧបការីអាមេរិក ក្នុងការដោះលែងលោក កឹម សុខា និងអ្នកទោសមួយចំនួនទៀតនោះ គឺខុស ទិសដៅ មិនមែនឋិតនៅក្នុងដែនសមត្ថកិច្ច របស់រាជរដ្ឋាភិបាលនោះទេ គឺជាដែនសមត្ថកិច្ច របស់តុលាការ។

បើតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះលោក​ ផៃ ស៊ីផាន បានបញ្ជាក់ថា
ចម្លើយរបស់ខ្ញុំ ជម្រាបជូនដល់បណ្ដាញសារព័ត៌មាន ឆ្លើយតប និងការលើកឡើងរបស់ឧបការីទទួលបន្ទុកការពារជាតិសហរដ្ឋអាមេរិក នោះគឺ៖ការលើកឡើងរបស់ឧបការីរូបនេះ រិតតែបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា គឺជាការស្វែងរកឱកាសក្នុងកិច្ចពិភាក្សា និងសហការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ ពិតប្រាកដណាស់ ហើយពិតជាការទទួលស្គាល់ជាផ្លូវការ នៃទំនាក់ទំនងកិច្ចការ ផ្លូវរដ្ឋរវាងសហរដ្ឋអាមេរិក និងកម្ពុជា តាមរយៈ ប្រមុខរាជរដ្ធបាល គឺ សម្តេច តេជោ។
ការស្នើសុំ របស់ឧបការីរូបនេះ ក្នុងការដោះលែងលោក កឹម សុខា និងអ្នកទោសមួយចំនួនទៀតនោះ គឺខុស ទិសដៅ មិនមែនឋិតនៅក្នុងដែនសមត្ថកិច្ច របស់រាជរដ្ឋាភិបាលនោះទេ គឺជាដែនសមត្ថកិច្ច របស់តុលាការ។ ដោយឡែកករណីរបស់លោក កឹម សុខា ករណីយនេះ គឺកំពុង ស្ថិតនៅក្នុងដំណើរការ នៃនីតិវិធីរបស់តុលាការ។
រីឯការ ព្រមានចាត់វិធានការបន្ថែមមកលើកម្ពុជាគឺ ជាប្រតិកម្ម មិនសមហេតុផល មួយខ្លាចឥទ្ធិពលចិនមកលើកម្ពុជា គឺជាបំណងប្រកបដោយអយុត្តិធម៌ និង ជ្រៀតជ្រែក។ ការលើកឡើងរបស់ឧបការីរូបនេះ មិនត្រឹមតែមិនមានមូលដ្ឋានសុច្ចរិត ច្បាស់លាស់នោះក៏ប៉ុន្តែ ហាក់បីដូចជាស្ថិតនៅក្នុងភាពស្លន់ស្លោ ខ្លាចបដោយយល់ឃើញថាកម្ពុជា ស្និទ្ធជាមួយចិន ហើយយកសហរដ្ឋអាមេរិកជាសត្រូវ។ កម្ពុជា មានជំហរច្បាស់លាស់មិនយកប្រជាជាតិណា ទោះបីជាមាននិន្នាការនយោបាយពណ៌សម្បុរណាក៏ដោយ ក៏កម្ពុជាចាត់ទុកថាជាមិត្តទាំងអស់។ កម្ពុជាមានអធិបតេយ្យភាព ឯករាជ្យគ្រប់គ្រាន់ ក្នុងកិច្ចសហការថែរក្សាសន្តិភាព និងកិច្ចសហការ ដើម្បីការរីកចម្រើន និងវិបុលភាពសម្រាប់មនុស្សជាតិ ទាំងអស់។ កម្ពុជា ក៏ដូចជាប្រជាជាតិអាស៊ានទាំងមូល រក្សាស្ថានភាពនយោបាយរួម មិនឲ្យធ្លាក់ចូល ក្នុងឥទ្ធិពលភូមិសាស្រ្តនយោបាយនោះឡើ់យ កម្ពុជាផ្ទាល់ សម្ដែងការសោកស្ដាយចំពោះការយល់ ច្រឡំរបស់ឧបការីរូបនេះចង់ទាញ ឬលាបពរណ៌កម្ពុជាឲ្យធ្លាក់ខ្លួនក្នុង ភូមិសាស្រ្តនយោបាយរបស់ខ្លួន ក្នុងការតតាំង ប្រឆាំងជាមួយចិន។
កម្ពុជា នៅតែរក្សាគោលជំហរជាប្រជាជាតិ អធិបតេយ្យភាព ឯករាជ្យ និងមានសេចក្តីថ្លៃថ្នូររបស់ខ្លូន មិនយកប្រជាជាតិណាមួយ ជាសត្រូវ និងមិន បម្រើឥទ្ធិពលនយោបាយណា ដែលប្រាសចាកពីសន្តិភាព និងវឌ្ឍនៈភាព ជាមួយ និងគោលការ សន្តិសហវិជ្ជមាននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង