ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនលោកតាអាយុ៨៦ឆ្នាំ ម្នាក់ករណីហិង្សារដោយចេតនា​ទាញ​កាំបិតផ្គាក់​កាប់​ទៅលើ​ប្តី​ប្រពន្ធ​២​នាក់​រងរបួស

45

​កណ្ដាល​៖ លោកតា​អាយុ​៨៦​ឆ្នាំ​ម្នាក់ យក​កាំបិតផ្គាក់​កាប់​ទៅលើ​ប្តី​ប្រពន្ធ​២​នាក់ ដែលជា​គូទំនាស់ បណ្ដាល​ឲ្យ​របួស​យ៉ាងដំណំ ត្រូវបាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ឃាត់ខ្លួន ដោយ​ចោទ​ពីបទ​ហិង្សារ​ដោយ​ចេតនា កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៣​នឹង​៣០​នាទី ស្ថិត​ក្នុងភូមិ ស្ទឹង ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

​មន្ត្រីនគរបាល​ស្រុក​កណ្ដាលស្ទឹង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​២​នាក់ ទី​១.​ឈ្មោះ សាន់ សុខា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​លក់ដូរ និង​ទី​២.​ឈ្មោះ ស្រ៊ុន លាវ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ​។ ជនរងគ្រោះ​ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​រុន ឃុំ​រការ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ ឈ្មោះ ស៊ឹង ប៉ឹង ភេទ​ប្រុស អាយុ​៨៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រុន ឃុំ​រការ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។ ដោយឡែក​វត្ថុតាង​ចាប់យក កង់​មួយគ្រឿង​និង​កំបិត​ផ្គា​គ់ ផ្លែ​ដែក​ដង​ឬ​ស្សី ប្រវែង​៩០​សង់ទីម៉ែត្រ​។​

​ប្រភព​ដដែល​បន្តថា កន្លងមក ជនសង្ស័យ​និង​ជនរងគ្រោះ​ធ្លាប់ មាន​ជម្លោះ​ទាស់​ពាក្យសំដី​គ្នា​រឿង​ព្រំដី រហូតដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ជនសង្ស័យ​បាន​យក​កំបិត​ផ្គាក់​កាប់​មែកឈើ​របស់​ជនរងគ្រោះ​ដែល​ទៅ​ចូល​ដី​របស់ខ្លួន​ក៏មាន​ការ​ជេរ​ដៀមដាម​គ្នា​រហូតមកដល់​ថ្ងៃទី​១៧ ខែ​ឆ្នូ ឆ្នាំ​២០២០ ជនសង្ស័យ បាន​ជិះ​កង់​ដាក់​កាំបិតផ្គាក់​ចង​ពីក្រោយ​ទៅ​ចាំ​ស្ទាក់ផ្លូវ​ជនរងគ្រោះ​មុន រហូតដល់​ម៉ោង​ប្រមាណ​៣ ជនសង្ស័យ​បានឃើញ​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា ក៏​ស្ទុះ​មក​កាប់​ជនរងគ្រោះ​ទាំង​២​នាក់ បណ្ដាល​ឲ្យ​របួស​យ៉ាងដំណំ​។ ចំណែកឯ​ជនសង្ស័យ បន្ទាប់ពី​កាប់​ជនរងគ្រោះ​រួច ក៏បាន​ជិះ​កង់​របស់ខ្លួន​ត្រឡប់មកផ្ទះ​វិញ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​រលាំង​កែន បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង