ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល អរគុណ​ចំពោះ​ឯកអគ្គរដ្ឋទូត ដែល​បាន​សហការ​យ៉ាង​ពេញទំហឹង​កន្លងមក ក្នុងការជំរុញឱ្យ​មាន​ការបើក​ចរចារ​វាង​កម្ពុជា និង​សិង្ហ​បុរី

67

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានទទួល​ជួបពិភាក្សា​ការងារ និង ជម្រាបលា​ពី​សំណាក់​ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​សហការ​យ៉ាង​ពេញទំហឹង​កន្លងមក ជាពិសេស​ការជំរុញឱ្យ​មាន​ការបើក​ចរចារ​វាង​កម្ពុជា និង​សិង្ហ​បុរី ដោយមាន​ការចូលរួម​ពី​តំណាង​របស់​ក្រសួង​-​ស្ថាប័នរដ្ឋ និង​ឯកជន ដើម្បី​ពិនិត្យ និង​ពិភាក្សា​ទៅលើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​នៃ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ​។
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​បាន​ចរចា​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ដោយនៅ​សេសសល់​បញ្ហា​តូចៗ​មួយចំនួន​ទេ ដែល​ត្រូវ​ដោះស្រាយ មុននឹង​អាច​ចាប់ផ្តើម​ការសិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​មជ្ឈមណ្ឌល​ភស្តុភារ​កម្មនេះ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួង និង​ស្ថានទូត​សិង្ហ​បុរី និង​ជម្រាបជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​អំពី​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ឯកឧត្តម​ក្នុងពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ ដោយសារ​ត្រូវ​ចប់​អណ​ត្តិ​នៅ​កម្ពុជា​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏បាន​លើកឡើងថា គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ​នេះ​មាន សារៈសំខាន់​ណាស់ ពីព្រោះ​វា​ជួយ​ជំរុញឱ្យមាន​ការបណ្តាក់ទុន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ពី​បណ្តា​ក្រុមហ៊ុន​ធំៗ​របស់​សិង្ហ​បុរី ដែលជា​លទ្ធផល នឹង​បង្កើត​នូវ​ការងារ និង​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ចកម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង