ឃាត់ខ្លួនជនសង្ស័យ២នាក់ ឆក់កាបូបជនជាតិចិន
ខេត្តព្រះសីហនុ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជនជាតិខ្មែរ ពីបទឆក់កាបូបជនជាតិចិន នៅថ្ងៃទី១៧ ធ្នូ ២០២០ វេលាម៉ោង២១និង៣០នាទី។
ជនសង្ស័យ បានជិះម៉ូតូ១គ្រឿង ម៉ាក BEAT ពណ៌ក្រហម-ស ផ្លាកលេខ តាកែវ 1V-5325 បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនជាតិចិនម្នាក់ ភេទប្រុស នៅតាមបណ្តោយផ្លូវឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រួចជិះគេចខ្លួនយ៉ាងលឿនឆ្ពោះទៅតាមផ្លូវមុខកាស៊ីណូ វិមានខ្សាច់ស ភា្លមនោះជនរងគ្រោះបានជិះរថយន្ត ១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ដេញតាមពីក្រោយ ពេលដេញដល់ចំណុចមុខកាស៊ីណូ ស៊ីនយ៉ុងលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ម៉ូតូរបស់ជនសង្ស័យបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូកង់បី (PASS APP)១គ្រឿង ដែលជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យដួលរងរបួសស្រាល ហើយជនរងគ្រោះបានមកទាន់ រួចចុះពីរថយន្តទៅយកកាបូបដែលជនសង្ស័យទាំង២នាក់ឆក់បានពីគាត់មកវិញ ហើយឡើងជិះរថយន្តចេញទៅបាត់ទៅ ។ ភ្លាមៗនោះដែរកម្លាំងសមត្ថកិច្ចបានទៅដល់ក៍ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់តែម្តង ។
ជនសង្ស័យទាំង២នាក់៖ ១-ឈ្មោះ អ៊ុក សម្បត្តិ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចរោងចក្រទឹកកកអូរ៣ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ ឃឹម តី ហៅ ពេជ្រ ភេទស្រី (ភេទទី៣) អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចក្រោយហេភីប៊ឺហ្គឺ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាក BEAT ពណ៌ក្រហម-ស ផ្លាកលេខៈ តាកែវ 1V-5325 (មធ្យោបាយជិះធ្វើសកម្មភាព) ។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕