ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន កោតសរសើរចំពោះរដ្ឋបាលនិង បងប្អូនប្រជាពលរដ្ឋ នៃស្រុកបន្ទាយស្រី ដែលបានគិតគូរ និងចូលរួមអនុវត្តអនាម័យបរិស្ថាន

71

ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី បងប្អូនប្រជាពលរដ្ឋ នៃស្រុកបន្ទាយស្រីទាំងអស់ដែលបានគិតគូរនិងចូលរួមអនុវត្តអនាម័យបរិស្ថានបាន យ៉ាងល្អប្រសើរធ្វើឱ្យភូមិ ដ្ឋាននិងសហគមន៍បានសោភ័ណភាពស្អាត មានផាសុកភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅអំឡុងពេលចុះទស្សនកិច្ចស្រុកបន្ទាយ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយបានពិនិត្យលើការគ្រប់គ្រង រៀបចំនិងទុកដាក់សំរាម របស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក និងតំបន់អេកូទេសចរណ៍បឹងឈូក។ ដោយមានការចូលរួមដោយលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងមន្ត្រីពាក់ព័ន្ធនានាក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានសំពះអរគុណបងប្អូនប្រជាពលរដ្ឋដែលបានយល់ដឹងនិងចូលរួមអនុវត្តវិធានការអនាម័យបរិស្ថានធ្វើឱ្យភូមិឃុំមានបរិស្ថានល្អ និងលើកទឹកចិត្តដល់ពួកគាត់ បន្តអនុវត្តជារៀងរហូត និងផ្សព្វផ្សាយបន្តដល់កូនចៅ របស់ពួកគាត់បន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារៈនិងថវិកាដល់រដ្ឋបាលស្រុក ដើម្បីអនុវត្តវិធានការអនាម័យបរិស្ថានក្នុងនោះមានទាំងការផ្តល់ឡដុតសំរាម និងរថយន្តដឹកសំរាមផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា រដ្ឋបាលស្រុកបន្ទាយស្រីនិងបងប្អូន ប្រជាពលរដ្ឋបានអនុវត្តបានយ៉ាងល្អក្នុងការគ្រប់គ្រងសំណល់សំរាមដែលបានបង្កើតឡើង និងបានថែទាំ តុបតែងផ្ទះសម្បែងរបស់ខ្លួនបានយ៉ាងស្អាតដោយការដាំដើមឈើ និងផ្កាលម្អនានាដ៏ស្រស់បំព្រង។ ឯកឧត្តមបានសង្កត់ធ្ងន់ថាស្រុកបន្ទាយស្រីបានផ្តល់នូវគំរូល្អមួយសម្រាប់ការអនុវត្តការគ្រប់គ្រង សំណល់រឹងទីប្រជុំជននៅកម្ពុជា ហើយក្រសួងបរិស្ថានសូមលើកទឹកចិត្ត ឱ្យមានការបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យស្រុកបន្ទាយស្រី កាន់តែមានសោភ័ណភាពស្អាតបន្ថែមទៀត ដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរមក ទស្សនាប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញ។

ក្រសួងបរិស្ថានបានផ្ទេរភារកិច្ចនៃការគ្រប់គ្រងសំណល់មករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ក្នុងនោះការគ្រប់គ្រងសំណល់រឹងសំរាមគឺជាកិច្ចការមួយដ៏មានសារៈសំខាន់បំផុត។ ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានបានបន្តផ្តល់បច្ចេកទេស ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយពង្រឹងស្ថាប័ន និងបង្កើនសមត្ងភាពមន្ត្រី និងពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការសម្អាត អនាម័យបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានឱ្យដឹងដែរថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃនិងក្រសួងបរិស្ថាន បានចេញប្រកាសអន្តរក្រសួងស្តីពីការបង្កើតក្រុមការងារដើម្បី ពិនិត្យនិងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាននៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងជឿជាក់ថាតាមរយៈវិធានការ ដែលនឹងបញ្ចូលក្នុងគោលនយោបាយនេះ នឹងធ្វើឱ្យភូមិ ឃុំរបស់ប្រជាពលរដ្ឋមិនត្រឹម តែមានសុខសុវត្ថិភាព តែនឹងបង្កើនគុណភាពជីវិតដោយមាន បរិស្ថានរស់នៅ ស្អាត មានខ្យល់ដកដង្ហើមបរិសុទ្ធ និងរស់នៅប្រកបដោយផាសុកភាព៕

អត្ថបទដែលជាប់ទាក់ទង