ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំខេត្តកោះកុង ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល

79

 

កោះកុង៖ សម្រាប់គម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានស្នើសុំឱ្យក្រុមហ៊ុនALEX CORPORATION បញ្ចៀសផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់ព្រៃឈើ ជាពិសេស របៀងអភិរក្សជីវចម្រុះ ដូចជា សត្វដំរី ។

ប្រភពពីរដ្ឋបាលខេត្តកោះកុងបាមឲ្យដឹងថា ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីកោះកុង ទៅអនុស្ថានីយអគ្គិសនីពោធិ៍សែនជ័យ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង របស់ក្រុមហ៊ុន ALEX CORPORATION ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ និងឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន កិច្ចប្រជុំអន្តរក្រសួង តាមរយៈក្រុមតេឡេក្រាម (Telegram Group)។

រដ្ឋបាលខេត្តកោះកុង សូមគាំទ្រគម្រោងនេះ និងស្នើសុំនូវចំណុចមួយចំនួនដូចជា សុំឱ្យគិតគូរសុវត្ថិភាពឱ្យបានខ្ពស់នៅពេលសាងសង់បង្គោល និងរត់ខ្សែ ដោយសារមានឆ្លងកាត់ប្រព័ន្ធផ្លូវទឹក និងគោក។ ស្នើសុំឱ្យក្រុមហ៊ុនបញ្ចៀសផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់ព្រៃឈើ ជាពិសេស របៀងអភិរក្សជីវចម្រុះ ដូចជា សត្វដំរី ជាដើម និងក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានអប្បបរមា នៃការដក់ខ្សែបណ្តាញរបស់ក្រសួងរ៉ែនិងថាមពលឱ្យបានសមស្របតាមភូមិសាស្ត្រនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង