ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល៣ ឬ៤ថ្ងៃ ខាងមុខ កម្ពស់ទឹកទន្លេ នឹងឡើងខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន

76


ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ បានសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកជំនន់ទន្លេ រយៈពេល៣ ឬ៤ថ្ងៃ ខាងមុខ នឹងឡើងខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ទន្លេមេគង្គលើរួចមក ក្រសួងធនធានទឹក សូមជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ថា កាលពីថ្ងៃទី៦ ខែសីហា មានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅតំបន់ខ្ពង់រាបភាគឦសាន និងនៅតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេសាកុង ទន្លេសេសាន និងទន្លេស្រែពក និងបានបង្កធ្វើឲ្យទឹកទន្លេទាំងបីនេះ ហក់ឡើងបន្ដិចបន្ដួច។ ចំណែកថ្ងៃទី៧ ខែសីហា ភ្លៀងបានបន្ដធ្លាក់នៅតំបន់ ប៉ាក់សេ (ប្រទេសឡាវ) ក្នុងកម្រិត ១២៣ មិល្លីម៉ែត្រ តែផ្ទៃដីដែលទទួលបានរបាយទឹកភ្លៀងនេះ មានទំហំតូច ពោលគឺ ភ្លៀងបានធ្លាក់គ្របដណ្ដប់តែលើទីប្រជុំជន ប៉ាក់សេប៉ុណ្ណោះ។

បច្ចុប្បន្ន មានប្រព័ន្ធសម្ពាធទាបមួយ បាននិងកំពុងអូសកាត់អាងទន្លេមេគង្គ ក្នុងប្រទេស ថៃ និងប្រទេសឡាវ ប៉ុន្ដែប្រព័ន្ធសម្ពាធទាបនេះ នៅមានឥទ្ធិពលខ្សោយ ដោយបង្កឲ្យមានការធ្លាក់ភ្លៀង តែក្នុងកម្រិតពីតិចទៅមធ្យមប៉ុណ្ណោះ។

យោងតាមការព្យាករណ៍ ទឹកជំនន់ទន្លេ ក្នុងប្រទេសកម្ពុជា មានស្ថានភាពដូចខាងក្រោម៖ ១) នៅខេត្តស្ទឹងត្រែង ទឹកនឹងកើនឡើងដល់កម្ពស់ ១០,៧៩ម៉ែត្រ ក្នុងរយៈពេល១ ឬ២ថ្ងៃទៀត (កម្រិតកម្ពស់ប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)។ ២) នៅខេត្តក្រចេះ ទឹកនឹងកើនឡើងដល់កម្ពស់ ២១,៩៦ ម៉ែត្រ (កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ) ក្នុងរយៈពេល២ ឬ៣ថ្ងៃ ទៀត។ ៣) នៅខេត្ដកំពង់ចាម ទឹកនឹងឡើងដល់កម្ពស់ ១៥,២៨ ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ) ក្នុងរយៈពេល ៣ឬ៤ថ្ងៃ ខាងមុខ។ ៤) ចំពោះទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងបន្ដកើនឡើង សន្សឹមៗបន្ថែមទៀត។ ៥)​ បឹងទន្លេសាប ទឹកមានកម្ពស់ ៥,៣៣ ម៉ែត្រ ពោលគឺនៅមានលទ្ធភាពស្រូបយក ទឺកជំនន់បានច្រើនបន្ថែមទៀត។

យោងតាមស្ថានភាពទឹក ដូចបានព្យាករណ៍ សូមប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗ ដែលអាចកើតឡើង៕

ក្រសួងធនធានទឹក ក៏បានចេញផ្សាយពីកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត និងព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៨ ៖


អត្ថបទដែលជាប់ទាក់ទង