សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ លួចខោលីអូមនុស្សស្រី
កណ្តាល ៖ ជនសង្ស័យឈ្មោះឆើត ដែលជាប់ពន្ធនាគារចំនួន២ដងនាពេលកន្លងមកនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាថ្មីម្តងទៀត ក្រោយធ្វើសកម្មភាពលួចខោលីអូមនុស្សស្រី និងស្បែកជើងមួយគូរ នៅផ្ទះជនរងគ្រោះ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃពុធទី២៣ខែធ្នូឆ្នាំ២០២០នេះ ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានករណីអំពើលួច កើតហេតុថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីយប់ នៅចំណុចផ្ទះជនរងគ្រោះភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ មេផ្ទះ។ ចំណែកជនសង្ស័យឈ្មោះ ឆែម ឆោម ហៅឆើត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ -ខោលីអូស្រី ពណ៌ស្វាយ០១ ។ -ស្បែកជើង១គូរ(របស់ជនរងគ្រោះ)។ -ខោក្រណាត់ជើងវែង ពណ៌ខ្មៅ០១(របស់ជនសង្ស័យ)។
នគរបាលមូលដ្ឋាន បានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះ កំពុងតែដេកលង់លក់ ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពផ្លោះរបងឡើងលើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើង១គូនិង ខោលីអូស្រី ១ ពេលនោះ ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោរ
ឡោរឡើង ដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី ឲ្យចុះមកឃាត់ខ្លួន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លេីយសារភាពថា ៖ ខ្លួនធ្លាប់បាន ដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅពេលយប់បាន២ដងរួចមកហើយ និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល២ដង ក្នុងករណីអំពើលួច ជាប់គុករយៈពេល១ឆ្នាំកន្លះ។
ជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីបន្តចាត់ការតាមនីតិវិធី៕