ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្តើមពិភាក្សារអំពីការដំឡើងប្រាក់ឈ្នួល សម្រាប់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ឆ្នាំ២០១៩

105


ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី កាលវិភាគនៃការចរចា ប្រាក់ឈ្នួលអបប្បរមាផ្នែកវាយនភណ្ឌ​​ កាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០១៩។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កាលវិភាគនៃការចរចាប្រាក់ឈ្នួលអបប្បរមាផ្នែកវាយនភណ្ឌ​​ កាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០១៩ នឹងធ្វើឡើងទៅតាមពេលវេលា និងលក្ខណវិនិច្ឆ័យដូចខាងក្រោម៖ ១)ខែសីហា ឆ្នាំ២០១៨ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា លក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី។ ២)ខែកញ្ញា ឆ្នាំ២០១៨ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា លក្ខណៈត្រីភាគី ។៣)គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ​ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ៤)គ្រប់ភាគីទាំងអស់ សូមផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងតាមលក្ខណវិនិច្ឆ័យទាំង៧ ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា បានចាប់ផ្តើមដំឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៨ ប្រាក់ឈ្នួលរបស់កម្មករ បានកើនដល់ចំនួន ១៧០ដុល្លារអាមេរិកក្នុង១ខែ ហើយបូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កើនឡើងដល់ជាង២០០ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង