ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌដង្កោ លាតត្រដាងការពិត រឿងករណី​ចាប់​ក្មេង​ទៅ​បង្ខាំង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ គឺកូនស្រីចាញ់បោកគេ អស់ម៉ូតូតែប៉ុណ្ណោះ

149


ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វើសន្និសីទកាសែតជាមួយនឹងឪពុកក្មេងស្រីរងគ្រោះ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថា មិនមានករណីចាប់ក្មេងដាក់រថយន្ត យកទៅលក់នោះទេ ព្រោះជារឿងបំប៉ោងសភាពការណ៍មិនពិត។ ចំណែកការពិតនោះ គឺកូនស្រីរបស់គាត់ចាញ់បោកគេ អស់ម៉ូតូតែប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់ថា បន្ទាប់ពីមានព័ត៌មាន លេចឭកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ថាមានការបង្ខាំងក្មេងស្រីជាច្រើននាក់រួចមក ពេលនេះសមត្ថកិច្ចបានបំបែកសំណុំរឿងនេះ បានលទ្ធផលល្អ ព្រោះដំណើររឿងនេះ គឺមិន ដូចសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយ ពាក់ពន្ធ័នឹងការបង្ខាំងក្មេងស្រីជាច្រើននាក់ តាមការបំភ្លឺរបស់ឪពុកក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី៦នោះទេ ។ ប៉ុន្តែធាតុពិត នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ បានទទួលពាក្យបណ្តឹង ពីឪពុកក្មេងស្រីខាងលើ តាំងពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ដោយឪពុកក្មេងស្រីរងគ្រោះ បានមកប្តឹងសមត្ថកិច្ចថា កូនស្រីរបស់គាត់ឈ្មោះ ស៊ំ ដាវីន រៀនថ្នាក់ទី១២ បានចេញពីផ្ទះនៅវេលាម៉ោង៣និង៣០នាទីរសៀល ទៅរៀនគួរនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ដើម្បីរៀនបំប៉នត្រៀមប្រឡបបាក់ឌុបថ្នាក់ទី១២ ដោយចេញទៅបាត់រហូតដល់ថ្ងៃទី៤ ខែសីហា មិនឃើញត្រឡប់មកផ្ទះវិញនោះទេ សូមឲ្យសមត្ថកិច្ចទាំងអស់ជួយស្រាវជ្រាវរកកូនស្រីគាត់ផង។

លោកអធិការបានថ្លែងថា “ក្រោយពីទទួលបានពាក្យបណ្តឹងនេះរួច សមត្ថកិច្ចបានសហការ ជាប់រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ឪពុកក្មេងស្រីខាងលើ បានទៅឃើញកូនរបស់គាត់នៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកង២ និងបានយកកូនមកដល់ផ្ទះដោយបានជឿពាក្យសម្តីកូន ថាមានករណីបង្ខាំងមនុស្សជាច្រើននៅក្នុងផ្ទះ ដូច្នេះហើយទើបឪពុកក្មេងស្រីខាងលើ បានបំភ្លឺប្រាប់សារព័ត៌មានមួយចំនួន ពីការចាប់បង្ខាំងមនុស្សនេះ ។ ប៉ុន្តែក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានលម្អិតនេះរួចមក កម្លាំងនគរបាលខណ្ឌដង្កោ ដោយមានការចង្អុលបង្ហាញ បញ្ជាផ្ទាល់ ពីលោកនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ស្នងការរងទទួលជំនាញ និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ប្រចាំខណ្ឌដង្កោ បានធ្វើការសម្របសម្រួល និងធ្វើការស្រាវជ្រាវ រហូតមកដល់ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផល គឺកូនស្រីបានកុហកឪពុក ព្រោះកាលពីថ្ងៃទី៣ កូនស្រីបានយកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ចេញពីផ្ទះយកទៅលក់នៅហាងឡាក់គី ក្នុងខណ្ឌ៧មករា ដោយប្រាប់ម្ចាស់ហាងថា អត់មានលុយបង់សាលា ក្នុងតម្លៃ៦៥០ដុល្លារ ប៉ុន្តែដោយសារតែអត់អីជិះ ទើបមកទិញម៉ូតូម៉ាក ធូដេ ពណ៌ប្រផេះលាយខ្មៅ ក្នុងតម្លៃ៥០០ដុល្លារ ដូច្នេះលុយដែលនៅសល់គឺ១៥០ដុល្លារ ដោយបានជិះម៉ូតូនេះទៅបាត់។ លុះដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នាងបានយកម៉ូតូនេះមកវិញ ដោយពាក់ម៉ាស់មុខ មកអង្វរម្ចាស់ហាងថា ឪពុកគាត់ឈឺធ្ងន់ណាស់នៅពេទ្យកាល់ម៉ែត សុំលក់ម៉ូតូនេះ ទើបម្ចាស់ហាងព្រមទិញវិញ ។ ដូច្នេះមិនមានករណីចាប់ជំរិត ឬបង្ខាំងក្មេងស្រីនោះទេ”។

ដោយឡែកបើតាមសម្តី របស់បុរសឈ្មោះ ស៊ំ វឌ្ឍនា ត្រូវជាឪពុកក្មេងស្រីឈ្មោះ ស៊ំ ដាវីន បានបកស្រាយក្នុងសន្និសីទកាសែតល្ងាចនេះថា ក្រោយពីគាត់បានស្តាប់សមត្ថកិច្ចបកស្រាយ ពីការស្រាវជ្រាវរួចមក គាត់បានដឹងថា គាត់ចាញ់បោកកូន ដោយសារជឿពាក្យសម្តីកូនគាត់ទាំងស្រុងថា មានការចាប់ជំរិតក្មេងស្រីជាច្រើននាក់ បង្ខាំងទុកលក់ ដូច្នេះគាត់សូមអះអាងសាជាថ្មីថា មិនមានករណីចាប់ជំរិតក្មេងស្រី ដាក់រថយន្តយកទៅលក់ នៅក្នុងប្រទេសកម្ពុជា របស់យើងនោះទេ ។
លោកស៊ំ វឌ្ឍនាបានបន្តថា “នេះដោយសារតែគាត់ស្រឡាញ់ និងជឿកូនខ្លាំងពេក ទើបកូនបោកគាត់យកម៉ូតូ ទៅលក់ស៊ីចាយ ភូតកុហកគាត់បែបនេះ។ ក្នុងនោះដែរ ឪពុកក្មេងស្រីខាងលើ ក៏បានសុំទោសជាសាធារណៈ ដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ដូចជា សុំទោសដល់បងប្អូនប្រជាពលរដ្ឋ តាមបណ្តាញសង្គម Facebook និងបណ្តាសារព័ត៌មាននានា ចំពោះរឿងរ៉ាវទាំងនេះ និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ជាអាណាព្យាបាលទាំងអស់ថា កុំជឿពាក្យសម្តីកូនខ្លាំងពេក សូមគិតនិងពិចារណាឲ្យច្បាស់សិនចាំជឿ ចៀសវាងជួបរឿងរ៉ាវ ដូចជាគាត់ពេលនេះ”៕

អត្ថបទដែលជាប់ទាក់ទង