ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីនឹងស្ថាបនាផ្លូវបេតុង២ខ្សែប្រវែង២៥៣០ម៉ែត្ររួមនិងការដាក់លូ ជូនពលរដ្ឋក្នុងភូមិព្រែកតាគង់១ ខណ្ឌមានជ័យ

150

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងផ្លូវបេតុង២ខ្សែ ប្រវែង២៥៣០ម៉ែត្រ ដាក់លូសងខាងផ្លូវរួមនិងការដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវសាធារណៈ ជូនប្រជាពលរដ្ឋផងដែរ នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីឆ្លើយតបទៅតាមការសន្យាដែលបានធ្វើឡើងកាលពីមុនពេលបោះឆ្នោតកន្លងមកនេះ។

   ការសម្រេចអោយមានការស្ថាបនាហេដ្ឋារចនាសម័ន្ធខាងលើនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រជិត៤០០គ្រួសារ នៃសហគមន៍ព្រែកតាគង់១ ក្នុងសង្កាត់ចាក់អង្រែលើ កាលពីព្រឹក

ថ្ងៃទី១០ ខែសីហានេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

   លោក ឃួង ស្រេង ថ្លែងថា ដោយមើលឃើញពីការ លំបាករបស់ប្រជាពលរដ្ឋ ក្នុងតំបន់នេះ​ជាច្រើនដំណរ មកនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋតាមការសន្យារបស់រដ្ឋបាលរាជធានីកាលពីពេលមុនបោះឆ្នោត។ 

   លោកអភិបាលបានបញ្ជាក់ថា កន្លងមកយើងបាន

សន្យាថានឹងស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង១៣៣០ម៉ែត្រ និងដាក់ប្រព័ន្ធលូ  តែថ្ងៃនេះមិនត្រឹមតែផ្តល់ផ្លូវមួយខ្សែនេះទេ ក្នុងនាមរដ្ឋបាលរាជធានីដោយពិនិត្យមើលពីស្ថានភាពជាក់ស្តែងនិងការស្នើសុំពីប្រជាពលរដ្ឋ រដ្ឋបាលរាជធានីនឹងស្ថាបនាផ្លូវបេតុង១ខ្សែជូនប្រជាពលរដ្ឋនៅតំបន់នេះ ដែលមានប្រវែង១២០០ម៉ែត្រ។

​លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ខាងលើនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើប្រទានកម្មដី ជិត៤០០គ្រួសារ ដើម្បីអោយពួកគាត់មានកន្លែងសង់លំនៅដ្ឋានសមរម្យ និងមានសិទ្ធិកាន់កាប់ស្របច្បាប់។ ការសម្រេចប្រគល់ដីប្រទានកម្ម ពីសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋ   មន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋ៣៨០គ្រួសារ រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គឺដើម្បីឲ្យបងប្អូនទទួលបានសិទ្ធិលំនៅដ្ឋានរស់នៅស្របច្បាប់ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣

   ចំពោះការស្ថាបនាផ្លូវបេតុងខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អោយដឹងថា តាមគម្រោងនឹងស្ថាបនាក្នុងពេលឆាប់ខាងមុខនេះ នឹងស្ថាបនាអោយបានរួចរាល់ នៅក្នុងឆមាសទី២ នៃឆ្នាំ២០១៨នេះ។

    លោកបន្តថា​ ផ្លូវបេតុងប្រវែង២៥៣០ម៉ែត្រនេះ ពីមុនមិនមានប្រព័ន្ធលូទេ ប៉ុន្តែការស្ថាបនាផ្លូវបេតុងថ្មីនេះ គឺមានដាក់ប្រព័ន្ធលូសង្ខាង និងដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវផងដែរ។ 

    លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អោយដឹងថា ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិព្រែកតាគង់១ មានចំនួន៣៨៦គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបមុខរបដាំបន្លែលក់ ចិញ្ចឹមជីវិត៕

 

អត្ថបទដែលជាប់ទាក់ទង