ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានតែងតាំងបុត្រច្បងរបស់ព្រះអង្គ ជាប្រធានស្តីទីរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច

115

សេចក្តីសម្រេចកាលពីថ្ងៃទី៨ សីហា ២០១៨ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានតែតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្ដីទី​គណបក្សហ៊្វុនស៊ិនប៉ិច ខណៈពេលដែលព្រះអង្គម្ចាស់ កំពុងព្យាបាលជំងឺ។

សេចក្តីសម្រេចដដែលផ្តល់សិទ្ធិឲ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដឹកនាំ ចាត់ចែងរាល់ការងាររបស់គណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រច្បងរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍ម៉ារី រណឫទ្ធិ ដែលត្រូវបានសម្តេចក្រុមព្រះ សម្រេចឱ្យធ្វើជាប្រធានស្តីទី នៃគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
ក្រៅពីការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី សម្តេចក្រុមព្រះក៏តែងតាំង អគ្គលេខាធិការរងម្នាក់ ដែលកាន់កាប់ហិរញ្ញវត្ថុបក្ស គឺលោក ពេជ្រ សូដេថ្ថា ឱ្យធ្វើជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។
នេះបើតាមការបញ្ជាក់លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១១ ខែសីហានេះថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានទទួលសេចក្តីសម្រេចនេះហើយ ហើយថ្នាក់ដឹកនាំទាំងអស់ នឹងដង្ហែតាមព្រះរាជតម្រិះ របស់សម្តេចប្រធានគណបក្ស។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ីនប៉ិច លោក ញ៉េប ប៊ុនជិន បានថ្លែងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាបុត្រាច្បងរបស់សម្តេចក្រុមព្រះ ជាមួយនឹងអ្នកម្នាង មារី។ លោកឲ្យដឹងទៀតថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ មានព្រះជន្មជាង៤០វស្សា ធ្លាប់ដង្ហែតាមអតីត​ព្រះមហាក្សត្រ និងសម្តេចក្រុមព្រះ កាល​តស៊ូនៅតាមព្រំដែនកម្ពុជាថៃកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង