ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើមឈើធំៗតាម បណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស លើសួនកាណាឌីយ៉ា អាជ្ញាធររាជធានីបាននិងកំពុងចាប់កាត់លះមែកហើយ

114

ភ្នំពេញ៖ អនុវត្តតាមការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំដោយលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ មករានេះបាននិងកំពុងធ្វើសកម្មភាពកាត់ លះមែក ឈើធំៗតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស លើសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ។

  លោកសំ សាមុត បានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ១៨ មករានេះថា ដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះមានចំនួន១០៥ដើម ហើយក្នុងចំនួននេះមានដើមគ្រាប់បែកឬដើមគីនីនចំនួនជាង៤០ដើម ក្រៅនេះមានដើមគគីឥន្ទនេលនិងឈើទាល ។ដើមឈើធំៗនិងចាស់ៗមានចំនួន៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។

    លោកសំ សាមុត បន្តថា ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារពិតជាមានការលំបាកខ្លះ ដោយសារតែយើងឡើងកាត់មួយមែកម្តងជាមួយនិងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់និងការឺឡា។ការងារនេះនឹងប្រើប្រាស់ពេលវេលាយូបន្តិច ដូច្នេះហើយ លោកសូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវឆ្លងកាត់ផ្លូវនេះ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារនឹងសម្រុកធ្វើការងារនេះអោយបានរួចរាល់អោយបានមុនគម្រោងដែរបានគ្រោងទុក។

    គួរបញ្ជាក់ថា លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញកាលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ កន្លងមកនេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើបីដើមដែលត្រូវកាប់ចេញនោះ លោកឃួង ស្រេងមិនអោយកាប់ចេញនោះទេ ដោយតម្រូវអោយកាត់និងលះមែកជាមួយនិងការធ្វើទម្រទប់ដើមផងដែរ ។បន្ថែមពីលើនេះទៀត កាលពីថ្ងៃទី១៥មករា មកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានសេចក្តីជូនដំណឹងជុំវិញការតាត់លះមែកឈើនេះផងដែរ ដោយក្រុមការងារនឹងប្រើប្រាស់រយៈពេល១ខែ។

  យោងតាមសេចក្តីជូនដំណឹងនេះបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើមឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសមានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាល រាជធានីភ្នំពេញបានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំនិងរក្សាទុកដើមឈើធ្វើទម្រទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេល០១ខែ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តទៅ។

    ដើម្បីឱ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន ស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាជ្រាបយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ឧបករណ៍សម្រាប់កាត់មែកឈើ និងរថយន្តធុនធំដែលអាចបង្កការកកស្ទះចរាចរណ៍៕

 

អត្ថបទដែលជាប់ទាក់ទង