ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញនឹងមានរថយន្ត ពន្លត់អគ្គីភ័យបំពាក់ដោយកាំជណ្តើរកម្ពស់៤០ម៉ែត្រមួយគ្រឿង ក្រោយជំនួយរបស់ប្រទេសជប៉ុន

100

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ ម៉ែត្រ ចំនួនមួយគ្រឿង។ រថយន្តពន្លត់អគ្គីភ័យប្រភេទបែបនេះ នឹងក្លាយជារថយន្តពន្លត់អគ្គីភ័យលើកដំបូងគេនិងមិនធ្លាប់មានដែលបានដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ។

   លោកមិកាបំ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិKUSANONE ជាមួយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨មករា២០២១ នេះបានមានប្រសាសន៍លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំរដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ KUSANONE មានន័យថាមូលដ្ឋានក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦០០តាមរយៈជំនួយឥតសំណង_KUSANONE

  លោកបន្តថា គម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន ហើយគម្រោងដែលបានចុះហត្ថលេខានេះមានដូចខាងក្រោម៖

   ក្រោមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយកាំជណ្តើរ

កម្ពស់៤០ ម៉ែត្រ ចំនួនមួយគ្រឿង ដែលនឹងក្លាយជារថយន្តពន្លត់អគ្គីភ័យប្រភេទបែបនេះលើកដំបូងគេ ដែលមិនធ្លាប់ដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ។   លោកបញ្ជាក់ថា ជប៉ុនក៏នឹងផ្គត់ផ្គង់រថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយសារធាតុគីមី ចំនួនមួយគ្រឿង និងឡានទឹកពន្លត់អគ្គីភ័យ ចំនួនពីរគ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៀត មូលនិធិជំនួយឥតសំណងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់កម្មវិធីបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ និងការថែរក្សាឧបករណ៍ពន្លត់អគ្គីភ័យនេះ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយអ្នកពន្លត់អគ្គីភ័យជនជាតិខ្មែរឆ្លើយតបចំពោះអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ និងឧប្បត្តិហេតុនានាដែលពាក់ព័ន្ធនឹងវត្ថុធាតុដែលមានគ្រោះថ្នាក់ខ្ពស់ ដោយមានន័យថាពួកគេ នឹងអាចឆ្លើយតបឲ្យបានលឿន និងមានប្រសិទ្ធភាព។ ជំនួយនេះ នឹងជួយលើកកម្ពស់សុវត្ថិភាព

និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជនប្រមាណ ៤០០,០០០នាក់ នៅរាជធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរ និងអ្នកដំណើរជំនួញមកពីជុំវិញពិភពលោកផងដែរ។ស្របពេលដែលកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះត្រូវបានចុះហត្ថលេខា អនុស្សារណៈយោគយល់គ្នា រវាងកងកម្លាំងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ និងក្រុមហ៊ុន Safety Sakura Service Co., Ltd.ត្រូវបានចុះហត្ថលេខាក្នុងគោលបំណងពង្រឹងទំនាក់ទំនង និង សមត្ថភាពបន្ថែមទៀត។

  លោកបន្តទៀតថា តាមអនុស្សារណៈនេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងពន្លត់អគ្គីភ័យនៃព្រះរាជាណាចក្រកម្ពុជានិងក្រុមហ៊ុន Safety Sakura Service Co., Ltd. នឹងសហការគ្នាដើម្បីសំរេចបាននូវការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ របស់កងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ។

     លោកបន្តទៀយតថា នៅពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ទន្ទឹមនឹងនេះក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ ប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ផ្សេងៗ រួមទាំង គូសាណូណ៌។

   លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុនដែលជានិច្ចជាកាលតែងតែជួយជាជំនួយមកកម្ពុជាដោយឥតសំណង ពិសេសនៅរាជធានីភ្នំពេញជប៉ុនបានជួយជំនួយជាច្រើនមិនថា ថវិកានិងបច្ចេកទេសនោះទេ ។ជាក់ស្តែងជប៉ុនបានជួយលើប្រព័ន្ធការពារទឹកជំនន់ ដែលមកដល់ពេលនេះបានឈានដល់ គម្រោងការពារទឹកជំនន់ជំហានទី៤ហើយ។

   លោកឃួង ស្រេងបន្តថា កម្ពុជានិងជប៉ុនបានចងសម្ព័ន្ធមេត្រីភាពជាមួយប្រទេសកម្ពុជាយើងចំនួន៦២ឆ្នាំហើយហើយទំនាក់ទំនងនេះកម្ពុជាបានផ្លែផ្កាជាច្រើនពីប្រទេសជប៉ុន

 

អត្ថបទដែលជាប់ទាក់ទង