ប្រធានរដ្ឋសភាកម្ពុជា និងចិនគាំទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា និងចិនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អក្នុងរយៈពេល៦៣ឆ្នាំនៃចំណងការទូតនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លី ចានស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេសចិន បានប្តេជ្ញារួមគ្នាគាំទ្រ និងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃប្រទេសទាំងពីរឲ្យបានរឹងមាំយូរអង្វែងដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងសងខាង។
ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះសម្តេចប្រធានរដ្ឋសភាបានលើកឡើងថា៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរបានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជនទាំងសងខាង និងបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោកទៀតផង។
សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាអាទិ៍មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅផ្សេងៗទៀតជាច្រើន។
ឯកឧត្តម លី ចានស៊ូ បានកត់សម្គាល់ថាឆ្នាំ២០២០ជាឆ្នាំដែលពិភពលោកជួបការលំបាកយ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩ ហើយកម្ពុជានិងចិនបានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរឹងមាំឡើង តាមរយៈសកម្មភាពជួយគ្នាទៅវិញទៅមក នៅក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសចិន ។ បន្ទាប់មកប្រទេសចិនបានបញ្ជួនជំនួយជាសម្ភារៈវេជ្ជសាស្រ្ត និងក្រុមគ្រូពេទ្យទៅកាន់ប្រទេសកម្ពុជាចូលរួមប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩។ នាពេលថ្មីៗកន្លងទៅនេះ មិត្តចិនដោយមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី បានថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន” និងបានផ្តល់វ៉ាក់សំាងការពារកូវីដ១៩ដល់ប្រទេសកម្ពុជាទៀតផង។
ឯកឧត្តម លី ចានស៊ូ បានលើកឡើងថាវ៉ាក់សំាងការពារជំងឺកូវីដ១៩ ប្រទេសចិនមានតម្រូវការច្រើនក្នុងការចាក់ជូនពលរដ្ឋខ្លួន ប៉ុន្តែផ្អែកលើចំណងមិត្តភាពដ៏ល្អរវាងប្រទេសនិងប្រជាជននៃប្រទេសទំាងពីរ ប្រទេសចិនមិនភ្លេចមិត្តកម្ពុជានោះឡើយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណដល់ប្រទេសចិនដែលជានិច្ចកាលគាំទ្រដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសនៅក្នុងពេលថ្មីៗនេះមិត្តចិនបានសម្រេចឧបត្ថម្ភវ៉ាក់សំាងចំនួន ១លានដូសដល់កម្ពុជា។ វ៉ាក់សាំងដែលរកឃើញដោយប្រទេសចិននោះនឹងចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ នៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល។
សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងគ្រាដ៏លំបាកនេះ ដូចជាពេលផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ ទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ។ ពិតណាស់ដូចសុភាសិតខ្មែរពោលថា មិត្តពិតប្រាកដ ជាមិត្តដែលជួយគ្នាក្នុងគ្រាក្រ។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោបាយចិនតែមួយ” និងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី។
ប្រធានស្ថាប័នសភាប្រទេសកម្ពុជានិងចិន បានប្រកាសពីការត្រៀមជាស្រេច ក្នុងការពង្រឹងកិច្ចសហការឲ្យជិតស្និទ្ធថែមទៀត រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត និងស្ថិតស្ថេរយូរអង្វែង និងបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ន សភាទាំងពីរនៅលើបញ្ហាតំបន់ និងអន្តរជាតិ។
ឯកឧត្តម លី ចានស៊ូ បានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរមានសារៈសំខាន់ណាស់ហើយសភាប្រជាជនចិនបានភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិដ៏ល្អជាមួយព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា។ ឯកឧត្តមបានស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងជាមួយគ្នាតាមប្រព័ន្ធវីដេអូនៅគ្រាដែលជំងឺកូវីដ១៩ មិនទាន់ធូរស្រាល លុះជំងឺនេះបានធូរស្រាល សភាប្រទេសទាំងពីរគួរបង្កើតការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កម្រិតរវាងគ្នាទៅវិញទៅមកឡើងវិញ។
ឯកឧត្តមបានប្រកាសថាជាថ្មីថា ចិនបានត្រៀមជួយកម្ពុជានៅគ្រប់កាលៈទេសៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋជាជនកម្ពុជា៕