ផ្ទះចល័តបែបលំហែកាយ មានអតិថិជន កម្មង់ទិញច្រើន នៅកម្ពុជា នាពេលបច្ចុប្បន្ន
ភ្នំពេញ៖ ប្រជាពលរដ្ឋកាន់តែច្រើន បានងាកមកចាប់ អារម្មណ៍លើផ្ទះចល័តបែប លក្ខណៈជាផ្ទះលំហែកាយ សម្រាប់ដាក់នៅតាមរមណីយដ្ឋាន រីសត ដីចម្ការជាដើម ព្រោះវាមានតម្លៃសមរម្យ ងាយស្រួលក្នុងការ ស្នាក់នៅ និងអាចចល័តពីកន្លែងមួយទៅកន្លែងមួយ ទៀតបាន ។
លោកស្រី ដួង សុផាវី ម្ចាស់សិប្បកម្មសង់ ផ្ទះចល័ត ស្ថិតនៅ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថ្ងៃ១៨ មករានេះថា សិប្បកម្មរបស់លោកស្រី មានភ្ញៀវមកកម្មង់ធ្វើជាផ្ទះសំរាប់លំហែកាយ នៅតាមចម្ការ និងតាមរីសត សម្រាប់ការស្នាក់នៅបែបលំហែកាយ មានជាហូរហែ។ អ្នកស្រីបញ្ជាក់ថា ដោយសារ តែអតិថិជន មានគំនិត ចង់ច្នៃប្រឌិត និងការរចនាម៉ូត បន្ទប់ទៅតាមចំណងចំណូលចិត្តនោះ ទើបធ្វើឱ្យ ផ្ទះលំហែកាយនេះ មានភាពស្រស់ស្អាត ប្លែក ទាំងបុរាណ និងសម័យ ។ ដោយសាកល្បង ឃើញប្រទេសជិតខាងគាត់ដើរមុនយើងហើយភាគច្រើនគាត់និយមប្រើអាហ្នឹងដែរហើយណាមួយទៀតបងគិតថាបងប្អូននៅស្រុកខ្មែរយើងគាត់អត់ការងារធ្វើច្រើន យើងបង្កើតមុខរបរមួយស្មើ នឹងយើងជួយបងប្អូនជា ច្រើននៅក្នុងស្រុកខ្មែរ មិនត្រឹមតែជួយគាត់ទេ គឺជួយដល់ក្រុមគ្រួសារគាត់ដែលនៅផ្ទះប្រពន្ធកូនគឺយើងការពារការចំណាក ស្រុកបានច្រើនជួយទាំងគាត់ជួយទាំងគ្រួសារគាត់បានរស់នៅជុំគ្នាតែម្ដង ។
ម្ចាស់សិប្បកម្មរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ប្រកបមុខរបរអ្វីមួយ គួរស្វែងយល់ឱ្យបានច្បាស់លាស់ពីទីផ្សារនាពេលបច្ចុប្បន្ន និងបច្ចេកទេស ក្នុងការធ្វើឱ្យបានត្រឹមត្រូវកុំឱ្យខាតបង់ថវិកា ។
សូមបញ្ជាក់ថា សិប្បកម្មផ្ទះចល័តនេះបង្កើតតាំងពីឆ្នាំ២០១៨ ដែលមានសមាជិកចំនួន៣៥នាក់ និងមានផ្ទៃដីអាចសាងសង់ផ្ទះបានចំនួន១០ខ្នងរហូតដល់៣០ ខ្នង តាមទំហំចំនួនតិចឬច្រើន សម្រាប់តម្លៃចាប់ពី៩៥០០ ដុល្លារ រហូតទៅដល់៥០០០០ដុល្លារ តាមចំនួនបន្ទប់ដែលអតិថិជនបានកម្មង់ និងបញ្ជាទិញ ៕ សំរិត