ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរាជរដ្ឋាភិបាល តែងតាំង លោកអ៊ុក រ៉ាប៊ុន និង លោកលឹម គានហោ ជា​អនុប្រធានអនុវត្ត​គម្រោង​ស្ថាបនា ៣៨​ខ្សែ ក្រុង​សៀមរាប

443

 

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​សេចក្តីសម្រេច តែងតាំង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​អនុប្រធាន គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា ស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។

​បើ​យោងតាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​អង្គភាព CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ២០២១ ត្រង់ចំណុច ប្រការ ៣ មាន​ខ្លឹមសារ​ថា រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី , រដ្ឋមន្ត្រី​ក្រសួងការពារជាតិ , រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ , រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ , រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន , រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ , ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៨​ខ្សែ ក្នុង​ខេត្តសៀមរាប និង​សាមីខ្លួន ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច​នេះ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។

​នៅមុននេះ​មាន ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង​, ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​អន្តរក្រសួង ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ពាក់ព័ន្ធ ។​

​ងាក​មក​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ឯណេះ​វិញ នាពេល​ថ្មីៗ​នេះ ក្នុង​កិច្ចប្រជុំ​ស្ដីពី​វឌ្ឍនភាព នា​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ដែល​ធ្វើឡើង​នៅ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់ បាន​ជំរុញ​ឱ្យ​
​គណៈកម្មការ​អន្តរក្រសួង ត្រូវធ្វើ​ការត្រួតពិនិត្យ​តាមដាន​ការងារ ព្រមទាំង​ធ្វើការ​ដោះស្រាយ​កែតម្រូវ​ចំណុច​ខ្វះចន្លោះ​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ធានាថា ការស្ថាបនា​ផ្លូវ​-​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ពិត​ជាមាន​គុណភាព​តាម​បទដ្ឋាន​បច្ចេកទេស​ផ្លូវថ្នល់ និង​សៀវភៅ​បន្ទុក ព្រមទាំង​ជំរុញ​ដោះស្រាយ​នូវ​ផលប៉ះពាល់​ដែល​នៅ​សេសសល់​មួយចំនួន​តូច​ឱ្យបាន​ចប់សព្វគ្រប់ ។​

​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប ចំនួន ៣៨​ខ្សែ​នេះ មាន​ប្រវែង​ជាង ១០៨​គីឡូម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤០​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ៕

អត្ថបទដែលជាប់ទាក់ទង