កីឡាវាយសី ក្រសួងមហាផ្ទៃ បន្តឈរនៅកំពូលតារាង
ភ្នំពេញ៖ក្លិបកីឡាវាយសីក្រសួងមហាផ្ទៃនៅតែខ្លាំងនៅក្នុងការប្រកួតជើងឯកជាតិឆ្នាំ២០២០ដោយប្រជែងបានមេដាយមាសច្រើនជាងគេក្នុងខណៈដែលក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈរនៅលំដាប់លេខ២នោះ ។
ក្នុងឳកាសបិទ និងប្រគល់ជ័យលាភីដល់កីឡាករ-កីឡាការិនីនៃព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០នាល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០២១មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍លី កុសលប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក ម៉ិល កាដូ អគ្គនាយករងនៃ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។
សម្រាប់ការប្រកួតរយៈពេល៣ថ្ងៃ៣ក្លិបកីឡាវាយសីក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស៣គ្រឿង និងមេដាយប្រាក់១គ្រឿង ក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្លិបកីឡាវាយសីសៀមរាបទទួលមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្លិបកីឡាវាយសីការពារអាកាស កងទ័ពជើងគោក ទទួលមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង។
ចំណែកក្លិបកីឡាវាយសីកំពង់ចាមទទួលមេដាយមាស១គ្រឿងសម្ព័ន្ធកីឡាវាយសីខេត្តប៉ៃលិននិងសម្ព័ន្ធកីឡាវាយសីខេត្តកំពង់ឆ្នាំងមេដាយប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿងនិងសម្ព័ន្ធកីឡាវាយសីខេត្តស្វាយរៀងនិងក្លិបកីឡាវាយសីស្តាតអូឡាំពិកទទួលបានមេដាយសំរិទ្ធ១គ្រឿង៕