ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សម្ដេច​ក្រឡាហោម ការលុបបំបាត់​អំពើហិង្សា​លើ​ស្ដ្រី និង​កុមារ មិនត្រូវ​បាន​ដក​ចេញពី​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ឡើយ​

162

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ បាន​លើកឡើងថា កម្មវិធី​មួយចំនួន​ត្រូវបាន​ដកចេញ និង​កែសម្រួល​ក្នុង​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​ឲ្យ​ត្រូវបាន​ស្ថានភាព​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន ខណៈ​កម្មវិធី​មួយចំនួន​មិនសូវ​ជា​កង្វល់​ទៀតឡើយ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​អះអាងថា សម្រាប់​បញ្ហា​គ្រឿងញៀន និង​ការលុបបំបាត់​អំពើហិង្សា​លើ​ស្ដ្រី និង​កុមារ មិនត្រូវ​បាន​ដក​ចេញពី​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព​នោះទេ​។ រហូតមកដល់​ពេលនេះ ការកែសម្រួល​ថ្មី នៃ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព កំពុង​រៀបចំ​ជិត​រួចរាល់​ហើយ ដើម្បី​ត្រៀម​ស្នើសុំ​ការសម្រេច​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ផែនការ​សកម្ម​ភាពជា​តិ ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ដ្រី ២០១៩-២០២៣» សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​បញ្ហា​ខ្លះ​យើង​អាច​ដកចេញ ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​យើង​បញ្ចូល​បញ្ហា​បច្ចុប្បន្នភាព បញ្ហា​ដែលមាន​សារៈសំខាន់​សម្រាប់​បច្ចុប្បន្ន​ភាព​ចូល​វិញ […] ក្នុងនោះ​បញ្ហា​ដែល​ទាក់ទង​នឹង​ការជួញដូរ​ស្ដ្រី អំពើហិង្សា គឺ​មិន​ត្រូវបាន​ដកចេញ​នោះទេ ពោល​បញ្ហា​នៅ​ដដែល តែ​យើង​ថែម​បញ្ហាសំខាន់ៗ​»​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​សង្កត់ធ្ងន់ថា បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ បញ្ហា​គ្រឿងញៀន នៅតែ​ជា​កង្វល់​ចំពោះមុខ​របស់​យើង​នៅឡើយ​។ បញ្ហា​ទាំងអស់នេះ​ទាមទារ​ឲ្យ​ទាំងអស់គ្នា បន្ត​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង ពុះពារ​ជំនះ និង​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌​និង​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​ឲ្យ​ប្រជាជន ជាពិសេស​ស្ត្រី​កម្ពុជា​ដែលមាន​ចំនួន​រហូតដល់ ៥២​ភាគរយ នៃ​ប្រជាជន​សរុប​រស់នៅ​ប្រកបដោយ​ការគោរព​សិ​ទិ្ធ សេចក្តីសុខ និង​សុវត្ថិភាព​ក្នុង​ជីវិត និង​ភាពសុខដុមរមនា​ក្នុងសង្គម​។​

​ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាននិងកំពុង​បន្ត​បោះជំហាន​ទៅមុខ​លើ​ទិសដៅ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​យុទ្ធសាស្ត្រ ក្នុងការ​ពង្រឹង​ស្ថាប័ន និង​កិច្ចការពារ​ដល់​ប្រជាពលរដ្ឋ ជាពិសេស គឺ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ស្ត្រី និង​កុមារ​នៅ​កម្រិត​សហគមន៍​ដើម្បី​ធានា​នូវ​សិទ្ធិ​ស្មើភាព​គ្នា​រវាង​ស្ត្រី និង​បុរស​។​

​ដោយឡែក ពាក់ព័ន្ធ​គោល​ភូមិ​ឃុំ មាន​សុវត្ថិភាព​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​គូស​បញ្ជាក់ទៀតថា កន្លងទៅ​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព យើង​បាន​ឃើញថា យើងទាំងអស់គ្នា បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​នេះ ហើយ​មាន​វឌ្ឍនភាព​យ៉ាង​ល្អ​។ ក្នុង​រយៈពេល​១០​ឆ្នាំ តាំងពី​ឆ្នាំ​២០១០-២០២០ គឺ​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​នេះ គឺ​ទទួលបាន​ជោគជ័យ​ធំ​ណាស់​។​

​បើតាម​សម្ដេច​ក្រឡាហោម ស ខេង បើទោះបី​អនុវត្ត​បានល្អ​យ៉ាង​ក្ដី ក៏​នៅមាន​បញ្ហា​ខ្លះ​ដែល​នៅតែ​ជា​បញ្ហា ហើយ​អាច​ធំ​ជាង​មុន​ថែមទៀត​។ ឧទាហរណ៍​បញ្ហា​គ្រឿងញៀន ស្ថិតក្នុង​កម្មវិធី​មួយ នៃ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុងការ​អនុវត្ត​កន្លងទៅ ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ប្រឹងប្រែង​ច្រើន ប៉ុន្ដែ​ដោយសារ​ទីផ្សារ​គ្រឿងញៀន វា​រីក​រាលដាល​កាន់តែ​ធំ ចឹ​ង​ហើយ​ចំនួន​ចាប់​ជន​ប្រ​ព្រឹ​ត្ដបទ​ល្មើស ឬក៏​វត្ថុតាង​គ្រឿងញៀន មក​ផ្ដន្ទាទោស​កាន់តែច្រើន តែ​វា​មិនទាន់​ធូរស្រាល​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​អះអាងថា សម្ដេច​បានស្នើ​ទៅ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដើម្បី​លើកកម្ពស់​កម្រិត នៃ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព មានន័យថា ពីមុន​គ្រាន់តែ​ជា​របស់​ក្រសួងមហាផ្ទៃ​តែមួយ​ទេ ប៉ុន្ដែ​ពេលនេះ ត្រូវ​លើក​កម្រិត​ថា មិនមែនជា​របស់​ក្រសួង​ណាមួយ​ទៀត​ទេ គឺជា​របស់​រាជរដ្ឋាភិបាល ហើយ​យើង​បាន​ពង្រីក​ខ្លឹមសារ​របស់​វា ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ហើយនឹង​ដកចេញ​នូវ​ចំណុច​មួយចំនួន​៕​

អត្ថបទដែលជាប់ទាក់ទង