ក្រុមកីឡាបាល់ទះ នៃនគរបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ ពង្រឹងសមត្ថភាពបន្ថែមទៀត គោរពវិន័យកីឡា ដើម្បីត្រៀមប្រកួតដណ្តើមយកពានរង្វាន់
ភ្នំពេញ៖លោកស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់ក្រុមកីឡាបាល់ទះទាំងអស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត គោរពវិន័យកីឡា ដើម្បីត្រៀមប្រកួតដណ្តើមយកពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិនាពេលខាមុខ។
ការណែនាំបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកបានអនុញាតឲ្យក្រុមកីឡាបាល់ទះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ចូលសម្តែងការគួរសម និង សំណេះសំណាល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្តែងសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនសមត្ថភាពក្នុងការហ្វឹកហាត់ របស់ក្រុមកីឡាបាល់ទះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានពង្រឹងសមត្ថភាព សាមគ្គីភាព និងទទួលជ័យជម្នះជាបន្តបន្ទាប់នាពេលកន្លងមក។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាមួយចំនួន ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូបង្ហាត់ និងក្រុមកីឡាបាល់ទះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ៕