ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​សើរើ​ដកហូត​ដី ពី​អ្នក​ទន្ទ្រាន​យក​ដីចម្ការ​ស្រល់​នៅ​ស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​

75

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ឯកភាព​ឱ្យមាន​ការសើរើ និង​ដកហូត​មកវិញ​នូវ​ការទន្ទ្រាន​យកទៅ​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​លើដី​មួយចំនួន ដែលជា​ដី​ត្រូវបានធ្វើ​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​ដើម​ស្រល់​នៅក្នុង​ស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​ចំណារ​ឯកភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង​នៅលើ​លិខិត​ស្នើសុំ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​

​នៅក្នុង​លិខិត​សំណើ​ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​អង្គភាព​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ លោក វេ​ង សាខុន បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន វូ​ជី​សាន និង​ក្រុមហ៊ុន ហួរ លីង វិនិយោគ​ដាំ​ដើម​ស្រល់​ស្ថិតនៅ​ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​នោះ ត្រូវបាន​រំលោភ​កាន់កាប់​ខុសច្បាប់​ជា​ហូរហែ​យ៉ាង​អនាធិបតេយ្យ​អស់​ជាច្រើន​ពាន់​ហិកតា តាមរយៈ​ការរំលោភ​ទន្ទ្រាន​យក​កាន់កាប់​ពី​ជន​មួយក្រុម​តូច​បំពាន​សិទ្ធិ​ស្របច្បាប់ ដោយ​គ្មាន​ខ្លាចរអែង​ច្បាប់ និង​ក្រុមហ៊ុន​វិនិយោគ​។​

​លោក វេ​ង សាខុន បាន​បន្ថែមថា ដី​ដែល​គេ​រំលោភ​កាន់កាប់​នេះ ទីតាំង​ខ្លះ​មានការ​បញ្ជាក់​ទិញ​-​លក់​ដី ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន កន្លែង​ខ្លះទៀត​មាន​ទាំង​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀតផង​។ ជាមួយគ្នានេះ ផ្ទៃ​ដីព្រៃ​ធម្មជាតិ​ដែល​បាន​រក្សាទុក ការពារ​តាម​ជ្រលង​ដងអូរ ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ ក៏ត្រូវ​ទទួលរង​ការកាប់​រានទន្ទ្រាន​យក ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​រៀបរាប់​ជូន​សម្តេច​តេ​ជោ​ទៀតថា ក្រៅពី​ព្រៃ​ស្រល់ និង​ព្រៃ​ធម្មជាតិ​នៅក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងពីរ​ខាងលើ ក៏មាន​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​វាត​យក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​នូវ​ដីចម្ការ​ឈើ​ស្រល់​របស់​រដ្ឋ និង​ដីចម្ការ​ឈើ​ស្រល់ ដែល​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ដាំ​ក្នុង​ពិធី​រុក្ខទិវា​ជាតិ​ឆ្នាំ​២០០៥​ផងដែរ​។​

​លោក វេ​ង សាខុន បាន​សង្កត់ធ្ងន់ថា ទីតាំង​ខ្លះ​ដែល​គេ​បាន​ទន្ទ្រាន​យក​នេះ មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​កាន់កាប់​ទៀតផង​។​

​ជាមួយ​ការរៀបរាប់​ពី​សកម្មភាព​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន​នេះ លោក វេ​ង សាខុន បានស្នើ​ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៤​ចំណុច ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការរំលោភ​កាន់កាប់​ដី​រដ្ឋ​ដែល​កើតឡើង​ដដែលៗ​ទៀត​។ ក៏ដូចជា​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកវិនិយោគ​។ សំណើ​ទាំង​៤​ចំណុច​នេះ​រួមមាន​៖

១៖ រដ្ឋបាលខេត្ត​ត្រូវ​ចេញ​លិខិតនិរាករណ៍​លិខិត​ទាំងឡាយណា ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត មាន​ភាពមិន​ស្របតាម​នីតិវិធី​ពេញលេញ​កន្លងមក និង​ត្រូវ​ចេញ​ដីកា​ដកហូត​ដី​ទាំងនេះ​មកជា​សម្បត្តិ​រដ្ឋ​វិញ​។​

២៖ រដ្ឋបាលខេត្ត​ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពិនិត្យ​លើ​៖ ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ​, ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​រឹងទទឹង ឬ​ពុំ​ព្រម​អនុវត្ត​ស្រប​គា​ម​វិធាន​នានា ដែល​អាជ្ញាធរ​ដាក់ចេញ​កន្លង​មក និង​នៅ​ជា​ធរមាន​, ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នកចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី​លើដី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ចំណាត់ការ​ផ្លូវច្បាប់​លើ​រាល់​ការ​បំប្លែង​ដី​រដ្ឋ នៅក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មកជា​ដី​កម្មសិទ្ធិឯកជន​មិនមាន​ប្រក្រតីភាព ដោយ​មិនបាន​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

៣៖ រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​បើក​យុទ្ធនាការ​បោសសំអាត​ទ្រង់ទ្រាយ​ធំ លើ​ការរំលោភ​ទន្ទ្រាន ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព ដោយមាន​កិច្ចសហការ​គាំទ្រ​ចូលរួម​ពី​កម្លាំងចម្រុះ​ថ្នាក់ជាតិ​។​

៤៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ពិនិត្យ​លទ្ធភាព​អាច​ស្នើ​ធ្វើ​និយ័តកម្ម ឬ​ប្តឹងទៅ​តុលាការ​មោឃភាព ចំពោះ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ដែល​មិនបាន​បំពេញ​នីតិវិធី​ពេញលេញ​នៅ​ជា​ធរមាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចារ​ឯកភាព​រាល់​សំណើ​ទាំង​៤​នេះ​ផងដែរ​។ យោងតាម​ប្រភពព័ត៌មាន​ក្រោយ​មាន​សំណើ​នេះ ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្ត បាន​បើក​កិច្ចប្រជុំ​ដើម្បី​អនុវត្តន៍​នីតិវិធី​ទាំងអស់នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា ការរំលោភ​ទន្ទ្រាន​យក​ដី​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នេះ មិនមែនជា​រឿង​ថ្មី​នោះឡើយ​សម្រាប់​ខេត្ត​ខេត្តមណ្ឌលគិរី​។ កាលពី​ឆ្នាំ​២០២០ ក៏មាន​ការសើរើ​លើ​ករណី​រំលោភ​ទន្ទ្រាន​ដី​ជា​នៅ​ភូមិសាស្ត្រ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា​ផងដែរ​។ កាលនោះ​ជន​ពាក់ព័ន្ធ​នឹង​ការចេញលិខិត​លក់​ទិញ​ដី​ទាំងនេះ បាន​រង​ការពិន័យ ហើយ​ក្នុងនោះ​អភិបាលស្រុក​កោះ​ញែក​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ ត្រូវបាន​ដកហូត​តំណែង​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង