ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសរុស្ស៊ីគ្រោងនឹង បញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (Sputnik V)មកឲ្យកម្ពុជានៅពេលខាងមុខ

96

ភ្នំពេញ៖ ក្នុងជំនួបសំដែងការគួរសមរវាង លោក អាណាតូលី បូរ៉ូវីគ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់សហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ លោក អាណាតូលី បូរ៉ូវីគបានមានប្រសាសន៍លើកឡើងថា ប្រទេសរុស្ស៊ីបានមានទំនាក់ទំនងការទូតជាមួយនឹងព្រះរាជាណាចក្រកម្ពុជាមានរយៈពេល៦៥ឆ្នាំហើយ ទំនាក់ទំនងនេះបានធ្វើឲ្យប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរ រហូត មកដល់ពេលបច្ចុប្បន្ននេះ។

  លោក អាណាតូលី បូរ៉ូវីគ បានបន្តទៀតថា ស្ថានភាពជំងឺកូវីដ១៩ បានធ្វើអោយប៉ះពាល់ ដល់បណ្ដាលប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះព្រះរាជាណាចក្រកម្ពុជា ក៏ជាប្រទេសមួយដែលប្រឈមនឹងជំងឺកូវីដ១៩នេះផងដែរ ប៉ុន្តែដោយការខិតខំប្រឹងប្រែងទប់ស្កាត់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឲ្យស្ថានភាពជំងឺនេះ នៅព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈល្អប្រសើរ ពិសេសគឺការគ្រប់គ្រងនូវព្រឹត្តិការណ៍២៨ វិច្ឆិកាបានយ៉ាងល្អប្រសើរ។

   លោកបន្តទៀតថា ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះប្រទេសរុស្ស៊ីបង្កើតបានវ៉ាក់សាំង (Sputnik V)ដើម្បីចាក់ការពារជំងឺនេះ ហើយវ៉ាក់សាំងនេះប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូនមកឲ្យប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ យើងនឹងពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបញ្ជូនវ៉ាក់សាំងនេះមកអោយកម្ពុជា

  ក្នុងជំនួបសម្ដែងការគួរសមនោះ ក៏បានលើកឡើងពីទំនាក់ទំនងនៃការចងសម្ព័ន្ធភាពរវាងទីក្រុងពីររបស់ប្រទេសរុស្ស៊ីជាមួយនឹងរាជធានីភ្នំពេញដែលនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់ ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញនិងទីក្រុងណូវ៉ូស៊ីប៊ីស ចងសម្ព័ន្ធមេត្រីភាពជាមួយនិងរាជធានីភ្នំពេញដែរ។ ប៉ុន្តែដោយស្ថានភាពកូវីដ១៩ ការចុះហត្ថលេខាទៅលើការចងសម្ព័ន្ធមេត្រីភាពនេះត្រូវបានអូសបន្លាយពេល ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការចុះហត្ថលេខា លើអនុសារណៈយោគយល់ ស្ដីពីការបង្កើតចំណងមិត្តភាពរវាងរាជធានីភ្នំពេញនិងទីក្រុងទាំងពីររបស់ប្រទេសរុស្ស៊ីនេះ គ្រោងនឹងធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ ពោលគឺក្រោយពីស្ថានភាពកូវីដ១៩បានធូរស្រាល។

  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនៅក្នុងជំនួបសម្ដែងការគួរសមនោះ ក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រទេសរុស្ស៊ី ដែលបានជួយឧបត្ថមគាំទ្រជាច្រើនមកប្រទេសកម្ណុជាក្រោយឆ្នាំ១៩៧៩ ។មិនត្រឹមតែប៉ុណ្ណោះទេរុស្សីនៅបានបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាថែមទៀត។ ជាក់ស្តែងអ្វីដែលយើងបានឃើញជាក់ស្តែងនោះ ប្រទេសរុស្សីបានកសាងមន្ទីរពេទ្យមួយនៅក្នុងរាជធានីភ្នំពេញ នោះគឺ មន្ទីរពេទ្យរុស្ស៊ីដែលបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយបានឃើញ

  លោកឃួង ស្រេង បន្តទៀតថា មន្ទីរពេទ្យរុស្ស៊ីនៅរាជធានីភ្នំពេញ ខណៈកូវីដ១៩ មន្ទីរពេទ្យនេះបានតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺកូវីដ១៩។

  ជាការឆ្លើយតបទៅនឹងអ្វី ដែលបានលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាលោកឃួងស្រេងបានថ្លែងការអរគុណនូវសណ្តានចិត្តដ៏ល្អរបស់ប្រទេសរុស្ស៊ី ដែលគ្រោងនឹងបញ្ជូនវ៉ាក់សាំងកូវីដ១៩ Sputnik Vមកព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសន្តានចិត្តដ៏ប្រសើរបំផុតរបស់ប្រទេសរុស្ស៊ីដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះព្រះរាជាណាចក្រកម្ពុជា។

   ពាក់ព័ន្ធនឹងអ្នកវិនិយោគទុនរបស់ប្រទេសរុស្ស៊ីគ្រោងថា នឹងមកបណ្ដាក់ទុនរកស៊ី នៅព្រះរាជាណាចក្រកម្ពុជានោះលោកឃួង ស្រេងបានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញគឺបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងសម្រាប់អ្នកវិនិយោគទុនរបស់ប្រទេសប្រទេសរុស្ស៊ីដែលចង់មកបណ្ដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។

  គួរបញ្ជាក់ថា វ៉ាក់សាំង រុស្ស៊ី Sputnik Vបានដំណើរការ ចាក់ជូនពលរដ្ឋនៅប្រទេសរុស្ស៊ី រួចហើយ ក្នុងនោះ ប្រធានាធិបតីរុស្សីលោកពូ ទីនក៏បានចាក់វ៉ាក់សាំងនេះរួចហើយដែរ វ៉ាក់សាំង រុស្ស៊ី Sputnik Vត្រូវ ចាក់ពីរ ដូស មានប្រសិទ្ធភាព ៩២ ភាគរយ រក្សាទុកក្នុងសីតុណ្ហភាព ទូទឹកកក ធម្មតាតម្លៃ ប្រហែល ១០ ដុល្លារ/ដូស

 

អត្ថបទដែលជាប់ទាក់ទង