ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ៧នាក់ គាស់តូប លួចយកទ្រព្យសម្បត្តិ ទៅតុលាការបន្ទាយមានជ័យ

63


បន្ទាយមានជ័យ៖ ​នគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ បានបំបែកសំណុំរឿង មុខសញ្ញាចោរគាស់ទម្លុះទម្លាយជញ្ជាំងក្តារតូប លួចយកទ្រព្យសម្បត្តិ នៅចំណុចខាងកើតផ្សារបឹងត្រកួន ២នាក់ រួមទាំងបក្ខពួកចំនួន៥នាក់ផ្សេងទៀត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ។

លោកវរសេនីយ៍ទោភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា៖ នៅវេលាម៉ោង១រំលងអធ្រាត្រ រហូតដល់ម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីចោរគាស់ទម្លុះទម្លាយជញ្ជាំងក្តារតូប លួចយកទ្រព្យសម្បត្តិ នៅចំណុចខាងកើតផ្សារបឹងត្រកួន ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ របស់ជនរងគ្រោះជាម្ចាស់តូបឈ្មោះ ញ៉ុល ស៊ីថា អាយុ៣៤ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ ថាប់ តន្ត្រី អាយុ៣៣ឆ្នាំ (អាជីវករវេរលុយ ប្តូរប្រាក់និងលក់កាតទូរស័ព្ទ) ក្នុងនោះបាត់អស់លុយថៃចំនួ៣ម៉ឺនបាត លុយខ្មែរចំនួន៤លានរៀល កាតទូរស័ព្ទ គិតជាលុយចំនួន៨០០ដុល្លារ ។

ក្រោយពីកើតហេតុ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ាត់ ឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក កម្លាំងនគរបាលវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨០៧ និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ ចុះធ្វើស្រាវជ្រាវតាមវិធានការជំនាញ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងឈានដល់ការបង្រ្កាបមុខសញ្ញា ជនដៃដល់ធ្វើសកម្មភាពចំនួន២នាក់ នៅវេលាម៉ោង២និង២នាទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិសាស្ត្រ ស្រុកថ្មពួកនិងក្រុងប៉ោយប៉ែត មានឈ្មោះ កន ធុន ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះណុច វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ ទាំង២នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ។ ក្នុងនោះស្រាវជ្រាវបង្រ្កាបចាប់ឃាត់ខ្លួនបក្ខពួក ចំនួន៥នាក់ផ្សេងទៀត មានឈ្មោះហោម បឿន ភេទប្រុស អាយុ១៨ឆ្នាំ ឈ្មោះអ៊ី ឡាដែន ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះសៅ យ៉ត ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះសុខ ខា ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះយឿង សុខមាន ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៥នាក់ នៅភូមិនិងឃុំគោករមៀត ស្រុកថ្មពួក។ ជាមួយនឹងការបង្រ្កាបនេះ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង។

​លោកឧត្តមសេនីយ៍ត្រី សិទ្ធឡោះ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ក្រោយពីចាប់ឃាត់ខ្លួន និងសាកសួចម្លើយជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព គាស់តូបរបស់ឈ្មោះ ញ៉ុល ស៊ីថា អាយុ៣៤ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះថាប់ តន្ត្រី អាយុ៣៣ឆ្នាំ (អាជីវករវេរលុយ ប្តូរប្រាក់និងលក់កាតទូរស័ព្ទ) ប្រាកដមែន។ ចំណែកបក្ខពួកគេ៥នាក់ទៀត បានសារភាពថា៖ ពួកគេមិនបានចូលរួមធ្វើសកម្មភាព គាស់តូបនោះទេ តែពួកគេគ្រាន់បានចូលរួម ផឹកស៊ីជាមួយឈ្មោះ ណុច វណ្ណា ប៉ុណ្ណោះ។

​លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់ថា៖ ផ្អែកតាមបណ្តឹងរបស់ម្ចាស់តូច និងចម្លើយសារ​ភាពរបស់ជនសង្ស័យ កម្លាំងនគរបាលជំនាញ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានរៀបចំសំណុំរឿងបញ្ជូន ជនសង្ស័យទាំង៧នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង