គណបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ បញ្ចូលសមាជិកថ្មីជាង១ពាន់នាក់
ព្រះសីហនុ៖ គណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់បានបញ្ចូលសមាជិកថ្មីចំនួន ១.៥៥៨ នាក់ មាន ១៥ ឃុំ នៅទូទាំងស្រុកព្រៃនប់នៃខេត្តព្រះសីហនុ ក្រោមការចូលរួមពីលោក ជាម ហ៊ីម ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុ លោក គួច ចំរើន ប្រធានសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនខេត្តរួមជាមួយនឹងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាខេត្ត ជាច្រើនរូបបានចូលរួម នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ។
មានប្រសាសន៍សំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនដែលទើបចូលថ្មី របស់គណបក្សប្រជាជនកម្ពុជា លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានខិតខំស្ដារប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនមករហូតដល់សព្វថ្ងៃគឺដោយសារតែគណបក្សប្រជាជនកម្ពុជាមានគោលជំហរនិងគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពស្ថិរភាពនយោបាយពេញលេញក្រោមនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ។
ជាការឆ្លើយតបប្អូនៗសមាជិកតំណាងឲ្យសមាជិកដែលទើបបញ្ចូលថ្មីរបស់គណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ទាំង ១៥ ឃុំបានថ្លែងអំណរគុណនិងកោតសរសើរអំពីស្នាដៃអភិវឌ្ឍរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស៕