នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះត្រួតពិនិត្យមើលទីតាំងសម្រាប់រៀបចំទីលានហ្វឹកលំហាត់បាញ់គ្រាប់ពិតចំរុះនៅថ្លុកតាសេក កំពង់ស្ពឺ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ រួមនឹងមន្ត្រីយោធាជំនាញជាច្រើនរូប នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ទីលានហ្វឹកលំហាត់បាញ់គ្រាប់ពិតចំរុះ និងការសម្ដែងលំហាត់មុខវិជ្ជាអន្តរាវុធទាំងប្រាំពីរជំនាញ របស់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី ៩ នៅវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (ថ្លុកតាសេក) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ដើម្បីត្រៀមធ្វើពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី០១ ខែគុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្នុងឱកាសចុះពិនិត្យមើលអំពីការប្រុងរៀបចំ ទីតាំងសម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធិផលទីលានហ្វឹកហាត់បាញ់គ្រាប់ពិតចម្រុះ នៅវិទ្យាស្ថានទ័ពជើងគោកនាពេលនោះ ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយរងសេនាធិការចំរុះ និងជានាយកវិទ្យាស្ថានទ័ពជើងគោក បានរាយការណ៍ថា៖ យោងតាមកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា -ចិន វិទ្យាស្ថានទ័ពជើងគោក បានទទួលនូវជំនួយជាសំណង់អាគារ និងការសាងសង់នៅសំណង់ជាច្រើនដល់សាលានេះ។ នៅមានគម្រោងសំណង់ជាច្រើនដែលរួមមានអគារស្នាក់នៅរបស់សិស្ស. អាគារផ្ទះបាយសិស្ស. អាគារធ្វើការងាររបស់នាយទាហានគ្រប់គ្រង. អាគារផ្ទះសំណាក់របស់វិទ្យាស្ថានទ័ពជើងគោក. រោងដាក់រថយន្ត និងគ្រឿងចក្រ. ការកសាងអាងស្តុកទឹកកម្ពស់ ៥២ម៉ែត្រ ចំណុះ ៣០០ម៉ែត្រគីប និងអាគារចម្រោះទឹកស្អាតបំពាក់នូវប្រព័ន្ធសូឡា ១០០កា-វេ-អា (KVA)។ រាល់គម្រោងសំណង់ខាងលើបានកសាងរួចរាល់ និងបានផ្ទេរប្រគល់ឲ្យវិទ្យាស្ថានប្រើប្រាស់រួចជាស្រេច នៅសល់តែគម្រោងទីលានហ្វឹកហាត់បាញ់គ្រាប់ពិតចម្រុះ ដែលមានទំហំ ២,៣ហិចតា មិនទាន់សាងសង់រួចដោយមានផលប៉ះពាល់ពីវិបត្តិជំងឺកូវីត ១៩ ក្នុងឆ្នាំ២០២០នេះ។ ដោយមានការខិតខំពុះពាររាល់ការលំបាកថ្នាក់ដឹកនាំវិទ្យាស្ថានទ័ពជើងគោក រួមជាមួយអ្នកជំនាញឯកទេសចិន ប្រចាំវិទ្យាស្ថាន បានធ្វើការសាងសង់បន្ថែមឱ្យរួចរាល់ជាស្ថាពរនៅចុងខែធ្នូ ឆ្នាំ២០២០នេះ។ ឧត្តមសេនីយ៍ឯក ម៉ម យឿន បានបញ្ជាក់ទៀតថា៖ សំណង់ទីលានហ្វឹកហាត់បាញ់គ្រាប់ពិតចម្រុះ ដែលគេអាចហៅថា (មុខជំនាញអន្តរាវុធនោះ) ត្រូវបានសាងសង់ឡើង ដែលរួមមានអាគារបញ្ជាការត្រួតពិនិត្យការហាត់បាញ់ ចំនួន ១អាគារ កំពស់ ៣ជាន់. អាគារនិមិត្តរូបសម្រាប់ការហ្វឹតហាត់យុទ្ធវិធីវាយទីក្រុង.ទីលានបាញ់ ស៊ីបអាវុធធុនស្រាល ១កន្លែង និងទីលានហ្វឹក ហាត់មុខវិជ្ជាផ្សេងៗជាច្រើនទៀត។
តាមរយៈ នៃការចុះពិនិត្យផ្ទាល់ដល់ទីលាន ដែលកំពុងរៀបចំនោះ លោក ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថានទ័ពជើងគោក ជាមួយនឹងទីប្រឹក្សាជំនាញរបស់កងទ័ពរំដោះប្រជាជនចិនប្រចាំនៅវិទ្យាស្ថាន ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញឱ្យដំណើរការសាងសង់នៅទីលានហ្វឹកហាត់បាញ់គ្រាប់ពិតចម្រុះនេះ ដំណើរការទៅប្រកបដោយជោគជ័យ ហើយនិងគ្រោងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
លោក បានរំលឹកដល់ថ្នាក់ដឹកនាំ យោធាចារ្យ និងនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី ៩ ដែលនឹងធ្វើការសម្ដែងសម្រាប់ពិធីសម្ពោធសមិទ្ធិផលទីលាន នៅមុខវិជ្ជាអន្តរាវុធទាំង ៧ជំនាញ ទាំងនោះត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត និងកែលម្អនូវកង្វះខាតចំណុចខ្លះៗដែលមិនទាន់ធ្វើបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ត្រូវកែលម្អឲ្យល្អឡើងវិញ ស្របតាមក្បួនច្បាប់ នៃមេរៀនយុទ្ធវិធី ពិសេសជាងនេះទៅទៀត ត្រូវមានការប្រុងប្រយ័ត្ន នៅក្នុងពិធីសម្ដែងក៏ដូចជាការហ្វឹកហាត់ជាក់ស្ដែង។ សម្រាប់ថ្នាក់ដឹកនាំ និងយោធាចារ្យ របស់វិទ្យាស្ថាន ត្រូវ ខិតខំរិះរកនៅអ្វីដែលល្អរីកចម្រើន ក្នុងការជំរុញឱ្យដំណើរការ នៃពិធីប្រកបទៅដោយភាពរលូន និងជោគជ័យ ៕ សំរិត