ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ចាប់បាន​ហើយ​ខ្មាន់កាំភ្លើង និង​បក្ខពួក​ចំនួន​០៣​នាក់ ដែល​បាញ់ប្រហារ​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​.!

107

 

​ព្រះសីហនុ ៖ ខ្មាន់កាំភ្លើង និង​បក្ខពួក​ជនជាតិ​ចិន ដែល​បានធ្វើ​សកម្មភាព​បាញ់ប្រហារ​ជនជាតិ​ចិន ទាំង​ព្រឹក​ព្រលឹម​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​កន្លងទៅ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្ដបន្ទាប់​ចំនួន​៣​នាក់ រួមទាំង​ថ្នាំញៀន មួយចំនួន ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ។

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ប្រាប់នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ​ថា ខ្មាន់កាំភ្លើង និង​បក្ខពួក​ដែល​បាញ់ប្រហារ​ជនជាតិ​ចិន​នេះ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​កើតហេតុ ប្រមាណ​១០​ម៉ោង ពោល​នៅ​ថ្ងៃទី​២១ ខែមករា ប៉ុន្ដែ​សមត្ថកិច្ច​មិនទាន់​បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ​នោះទេ ព្រោះ​ត្រូវ​ស្រាវជ្រាវ​បន្ដ​រក​អ្នកពាក់ព័ន្ធ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក្រៅពី​ខ្មាន់កាំភ្លើង និង​បក្ខពួក​សរុប​៣​នាក់​នេះ គឺ​នៅមាន​បក្ខពួក​ក្រុម​ជនដៃដល់​ផ្សេងទៀត ដែល​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់​បន្ដទៀត​ផងដែ​រ​។ យ៉ាងណាមិញ មនុស្ស​ទាំង​៣​នាក់ ដែល​ត្រូវ​ចាប់ខ្លួនបាន​នេះ បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ហើយក៏​ត្រូវ​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​រួចរាល់​ហើយ​ដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​អ្នកបើកបរ​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ នៅក្នុង​មុខកា​ស៉ី​ណូ ជី​យ​វ​នី​សិន ស្ថិតក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ​ជា​ជនជាតិ​ចិន ជិះ​រថយន្ដ​មួយគ្រឿង ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AL-9459​។ ខ្មាន់កាំភ្លើង​ដែល​ធ្វើ​សកម្មភាព បាន​ជិះ​រថយន្ដ​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BI-1413 ហើយ​ស្រាប់តែ​យកទៅ​ផ្លុ​ង​រថយន្ដ​នោះ​ចោល​នៅ​ជិត​ផ្សារ​ដំរី​៥ ហើយ​ចុះ​រត់គេចខ្លួន​តែម្ដង ក្រោយ​ដឹងថា​កម្លាំង​ជំនាញ​កំពុង​តាម​ចាប់ខ្លួន ៕​

អត្ថបទដែលជាប់ទាក់ទង